(ភ្នំពេញ)៖ ក្នុងឱកាសពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេស នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានផ្តល់កិត្តិយសជាវាគ្មិនធ្វើបទបង្ហាញពីរំលែក «បទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍» ជូនដល់រចនាសម្ព័ន្ធគណៈចលនាមហាជន។
លោក ឱម យ៉ិនទៀង បានគូសបញ្ជាក់ពីភាពចាំបាច់ និងសារៈសំខាន់នៃការងារគ្រប់គ្រងបញ្ហាសតិអារម្មណ៍សម្រាប់ការងារអប់រំនយោបាយ និងសកម្មភាពរបស់បក្ស ជាពិសេសក្នុងការវាយតម្លៃវិភាគ បូកសរុបនូវសកម្មភាព និងសភាពការណ៍ដែលកើតមានក្នុងមូលដ្ឋានជាប្រចាំ។
លោកបានលើកឡើងថា ការគ្រប់គ្រងសមរភូមិសតិអារម្មណ៍ មិនមែនត្រឹមជាការក្តាប់ស្ថានសភាពការណ៍ប៉ុណ្ណោះទេ តែក៏ជាការជំរុញឱ្យមានការយល់ដឹងត្រឹមត្រូវ និងវិជ្ជមានអំពីគណបក្ស កម្មវិធីនយោបាយ សភាពការណ៍ជាតិ-អន្តរជាតិ ព្រមទាំងអំពីទង្វើដ៏ល្អប្រពៃរបស់មន្ត្រីបក្សក្នុងមូលដ្ឋាននីមួយៗ។
លោកបានលើកទឹកចិត្តឱ្យមន្រ្តី សមាជិក-សមាជិកា និងសកម្មជនគណបក្សត្រូវរៀនសូត្រតាមគំរូវីរភាពរបស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស លើការងារសតិអារម្មណ៍ និងបន្តខិតខំពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីអនុវត្តការងារមហាជនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែម។
គួរជម្រាបថា ពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេសនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ពន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេសនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ៕