(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍ និងជាអនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានធ្វើបង្ហាញលើប្រធានបទ «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា» ក្នុងពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេស នៅវិមាន៧មករា។

គួរជម្រាបថា ពិធីជួបជុំរចនាសម្ពន្ធគណៈចលនាមហាជនទូទាំងប្រទេសនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងចែករំលែកដល់រចនាសម្ពន្ធរបស់គណៈចលនាមហាជនទូទាំងប្រទេសនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងបទពិសោធន៍ក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ក៏ដូចជាកិច្ចការមហាជនសំខាន់ៗ ដែលត្រូវយកចិត្តទុកដាក់សម្រាប់ដំណើរឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

លោកបានគូសបញ្ជាក់ពីបណ្តាសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយភាពចាស់ទុំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងនោះ រួមមាន ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

ទន្ទឹមនេះ លោកក៏បានបញ្ជាក់ពីការសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត ដែលជាកម្លាំងស្នូលនៃចលករសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ក្នុងពិធីជួបជុំនាឱកាសនេះ នឹងមានបទបង្ហាញចំនួន៣របស់ថ្នាក់ដឹកនាំជាវាគ្មិន ដែលនឹងផ្តល់ជាពិសោធ និងចំណេះដឹងថ្មីៗបន្ថែមទៅលើបច្ចុប្បន្នភាពស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គមកម្ពុជា, បទពិសោធក្នុងការតាមដាន វាយតម្លៃ និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ និងការងារមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣៕