(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) និងអង្គការមិនមែនរដ្ឋាភិបាលបរទេស (FNGOs) ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់ខាងលើ និងដោយមានការចូលរួមពីតំណាងក្រសួង ភាគីពាក់ព័ន្ធ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលបរទេស វេទិកានេះមានគោលបំណងលើកកម្ពស់បន្ថែមទៀត នូវការយល់ដឹង និងពង្រឹងការអនុវត្ត ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធ ក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលបរទេស។

កាតព្វកិច្ចទាំងនោះ រួមមាន ការរាយការណ៍គណនេយ្យ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមបទដ្ឋានគណនេយ្យកម្ពុជា និងការធ្វើសវនកម្មឯករាជ្យលើរបាយការណ៍ទាំងនោះ ដែលកាតព្វកិច្ចទាំងអស់នេះ រួមចំណែកដល់ការទទួលខុសត្រូវ តម្លាភាព និងស័ក្តិសិទ្ធភាពរបស់អង្គការមិនស្វែងរកប្រាក់ចំណេញ៕