(បន្ទាយមានជ័យ)៖ លោក ធិន សិុនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយពីមានកាចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត និងមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញ បង្រ្កាបទីតាំងល្បែងហ្គេមមួយកន្លែង នៅកណ្តាលក្រុងប៉ោយប៉ែត រឹបអូសបាន ឧបករណ៍ហ្គេមកុំព្យូទ័រ ជាច្រើនគ្រឿង ជាពិសេសប្អូនសិស្ស២៣នាក់ និងម៉ូតូ៥គ្រឿង។
លោកអធិការបានបន្តថា ក្រោយពីលោកបានដាក់កម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតទទួលបានបង្ក្រាបបានសម្រេចហើយ បានធ្វើការអប់រំណែនាំដល់ប្អូនៗខាងលើ ត្រូវលះបង់ការលេងល្បែងហ្គេមអ៊ិនធីណែត ធ្វើឲ្យយើងគ្រប់ៗរូបភ្លេចការសិក្សារៀនសូត្រ។ បន្ថែមពីនេះ លោកបានផ្តាំផ្ញើថា សូមឲ្យប្អូនទាំងអស់ជៀសឲ្យផុតពីគ្រឿងញៀន ហើយឆ្លើយទេចំពោះគ្រឿងញៀន និងឲ្យអាណាព្យាបាលទាំងអស់មកទទួល និងបានប្រគល់ម៉ូតូដកហូតផងដែរ។
លោកបញ្ជាក់ថា ចំពោះម្ចាស់ទីតាំង គឺពុំឃើញឡើយ ដោយម្ចាស់ទីតាំងបានឲ្យក្មេងប្រុស អាយុ៧ឆ្នាំ ម្នាក់ជាអ្នកយកលុយជំនួសវិញ រីឯកុំព្យូទ័រ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យជំនាញ ចំណែកទីតាំងនោះត្រូវបានបិតប៉ុណ្ណោះអាសន្នសិន រង់ចាំម្ចាស់ផ្ទះចូលខ្លួន មកដោះស្រាយតាមនិតិវិធីច្បាប់៕