(បន្ទាយមានជ័យ)៖ លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងលោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិកប្រចាំសាខាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅក្រុងប៉ោយប៉ែត ដែលមានការនិមន្ត និងអញ្ជើញចូលរួមសរុបជាង ២០០អង្គ/អ្នក។
លោក ម៉ាត់ ណើសៀក អគ្គលេខាធិការរងសមាគម និងជាប្រធានផ្នែកឥស្លាម បានអានសេចក្តីសម្រេចតែងតាំងលោក ណាំ រស្មី ជា ប្រធានសាខាខេត្តបន្ទាយមានជ័យ និង សមាជិក សមាជិកា សរុប១១៤នាក់។
បន្ទាប់ពីត្រូវបានប្រកាសតែងតាំងលោក ណាំ រស្មី បានឡើងថ្លែងអំណរគុណ និងប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីគឺខិតខំអនុវត្តតួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួលកៀរគរថវិកា និងការចូលរួមពីយុវជន ដោយគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម ជាពិសេស សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
លោក ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ថ្លែងថា សមាគមយើងបង្កើតឡើងស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងព្រះសង្ឃ ខ្មែរឥស្លាម និងគ្រិស្តសាសនិក មានសិទ្ធិបង្កើត និងចូលរួមក្នុងសមាគម ជាក់ស្តែងសមាគមយើងមានគ្រប់សមាសភាព ក្នុងនាមជាគ្រួសារខ្មែរតែមួយ។
លោកបានថ្លែងពីគោលបំណងសមាគមគឺ ធ្វើការងារ សប្បុរសធម៌ និងមនុស្សធម៌ ជួយជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើសកម្មភាពប្រកបដោយ គុណភាព សីលធម៌ សច្ចះធម៏ និងត្រូវរៀបចំផែនការ រួចអនុវត្ត រួមសាមគ្គីគ្នាធ្វើសកម្មភាព។
លោកបានថ្លែងការកោតសរសើភាពប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩។
លោកស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិកសាខាខេត្តបន្ទាយមានជ័យ ដែលទើបទទួលបានការតែងតាំងថ្មី និងថ្លែងការកោតសរសើរ លោក ហុង ស៊ីទិត និង លោក ហួត សម្បត្តិ ដែលជួយសម្របសម្រួល ក្នុងការរៀបចំសាខាជាច្រើន យ៉ាងឆាប់រហ័ស។
លោកបានថ្លែងពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍មានក្បាលម៉ាស៊ីនតែ៥នាក់ បង្កើតជាស្ទីតយោ Studio ថតបទចម្រៀង រួចប្រែក្លាយជាធ្វើការងារមនុស្សធម៌ ដោយក្រសួងមហាផ្ទៃទទួលស្គាល់នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នមានសមាជិកជាង ៥,០០០អង្គ/នាក់ ក្នុងនោះមាន ខ្មែរឥស្លាមជាង ១,០០០នាក់ ជនបរទេស១៨នាក់ និងមានសាខាសរុប២៩ ក្នុងនោះ រាជធានី/ខេត្តចំនួន២៤ និងសាខាក្រៅប្រទេសចំនួន០៥ គឺ ប្រទេស កូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី។
លោកណែនាំឱ្យបន្តធ្វើសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ធ្វើតែអំពើល្អ ដោយបន្តទទួលសមាជិក យុវជន យុវនារី ចូលរួមក្នុងសមាគម ដោយមិនប្រកាន់បក្ខពួកសាសនាអ្វីឡើយ។ ការចូលរួមជាសមាជិករាជសីហ៍ គឺចូលរួមធ្វើបុណ្យ ធ្វើកិច្ចការមនុស្សធម៌ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង។
លោកប្រធានហាមយកឈ្មោះថ្នាក់ដឹកនាំណាមួយទៅប្រើ ដើម្បីអូសទាញសមាជិកឱ្យចូលរួមក្នុងសមាគម និង គ្មានការសន្យាផ្តល់តំណែងនេះនោះទេ។
លោកបានឱ្យដឹងថា សមាគមបានធ្វើសកម្មភាពមនុស្សធម៌បានជាង៦០០លើក ចំណាយថវិកាជាង ១លានដុល្លារ ដែលបានមកពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ សមាជិក និងសប្បុរសជន គឺមិនទាន់មានជំនួយពីណាទេ ដោយធ្វើសកម្មភាព កីឡា បណ្តុះបណ្តាលយុវជននូវជំនាញ ភាសារបរទេ កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនងសាធារណៈ បានស្វែងរកអាហាររូបករណ៍ជាង ១,០០០នាក់ជាមធ្យមក្នុង១ឆ្នាំ សម្រាប់ផ្តល់ជូន សិស្ស និស្សិត យុវជនរាជសីហ៍ ហើយសូមប្រកាសប្រគល់ជូន ១០០នាក់ក្នុង១ឆ្នាំ ជូនសាខាបន្ទាយមានជ័យ។
លោកសូមថ្លែងអំណរគុណលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហាររូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន ចំនួន៥០នាក់ ក្នុង១ឆ្នាំ ជូនយុវជនសមាគម៕
ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង និងជប៉ុន។
ឯកឧត្ដមប្រធានថ្លែងការគាំទ្រ ការប្តេជ្ញាចិត្តរបស់ លោក ណាំ រស្មី និងណែនាំឱ្យអនុវត្តការប្តេជ្ញាចិត្តទាំង៧ចំណុចរបស់ខ្លួន ដោយផ្សព្វផ្សាយនិងអនុវត្តសកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ រួមសាមគ្គីគ្នា ធ្វើសកម្មភាពមនុស្សធម៌ ជាពិសេស ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។