(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថានៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ បើនិយាយអំពីកីទ្បាអាស៊ីអាគ្នេយ៍ Southeast Asian Games- SEA Games ដែលយើងឃើញប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសកំពុងមានសេចក្ដីអំណរសាទរយ៉ាងសប្បាយរីករាយ គឺកម្ពុជាទើបមានឱកាសបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍-SEA Games លើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ គឺពិតជាបង្ហាញអំពីព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដកម្ពុជាដ៏សោកសៅយ៉ាងច្បាស់ថា សង្រ្គាមបានទាត់កម្ពុជាដែលជាស្ថាបនិកកីទ្បា -SEA Games ពីម្ចាស់ផ្ទះជាង៦ទសវត្ស គឺ៦៤ឆ្នាំ។

ពីព្រោះថា កម្ពុជាក៏ជាស្ថាបនិកនៃកីទ្បាអាស៊ីអាគ្នេយ៍ -SEA Gamesផងដែរ ប៉ុន្ដែកម្ពុជាពុំធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីទ្បានេះម្ដងណាទ្បើយ។

លោក រ័ត្ន សណ្ដាប់ បន្ដថាហេតុនេះបើពោលអំពីប្រវត្ដិកីទ្បាអាស៊ីអាគ្នេយ៍- SEA Games នេះគឺបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៥៨ នៅទីក្រុងបាងកក ប្រទេសថៃ ដែលពេលនោះហៅថា" កីទ្បាជ្រោយអាស៊ីអាគ្នេយ៍ -Southeast Asia Peninsular Games " សរសេរអក្សរកាត់ថា " SEAP Games" ដែលមានប្រទេសជាស្ថាបនិកថៃ ,កម្ពុជា ,វៀតណាម, លាវ និងមីយ៉ាន់ម៉ា ហើយមកដល់ឆ្នាំ១៩៧៧ ក៏ត្រូវបានប្ដូរឈ្មោះមកជាកីទ្បាអាស៊ីអាគ្នេយ៍-SEA Games វិញ រហូតដល់បច្ចុប្បន្ន ។

ស្ថិតក្នុងព្រឹត្ដិការណ៍ដ៏សប្បាយរីករាយនេះ ដោយការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍-SEA Games បានក្លាយជាទិវាបុណ្យកីទ្បាសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរៀបចំទ្បើងរៀងរាល់២ឆ្នាំម្ដង ។

ហេតុនេះយើងសូមបង្ហាញប្រវត្ដិនៃការប្រកួតរបស់កម្ពុជាដែលកីទ្បាករ កីទ្បាការនីខ្មែរបានបង្កើតស្នាដៃជូនជាតិ មាតុភូមិ និងធ្វើឲ្យមានភាពល្បីរន្ទឺលើឆាកជាតិ និងអន្ដរជាតិនាសម័យនោះ ដើម្បីទុកជាការជូនជ្រាប ដូចខាងក្រោម៖

* ការប្រកួតលើកទី១ ឆ្នាំ១៩៥៩ នៅទីក្រុងបាងកក ប្រទេសថៃ គឺកម្ពុជាមិនបានចូលរួមប្រកួតកីទ្បាជ្រោយអាស៊ីអាគ្នេយ៍-SEAP Gamesនោះទេ

* ការប្រកួតលើកទី២ ឆ្នាំ១៩៦១ នៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់មា៉ គឺកម្ពុជាបានបញ្ជូនប្រតិភូកីទ្បាជ្រោយអាស៊ីអាស៊ីអាគ្នេយ៍-SEAP Gamesដោយមានកីទ្បាចូលរួមចំនួន៧៨នាក់ ជាលទ្ធផលទទួលបាន មេដោយមាស១ មេដាយប្រាក់៧ និងសំរឹទ្ធ៤ ក្នុងវិញ្ញាណសារ ១១ប្រភេទនៃកីទ្បា

* ការប្រកួតលើកទី៣ ឆ្នាំ១៩៦៣ កម្ពុជាដល់វេនត្រូវធ្វើជាម្ចាស់ផ្ទះកីទ្បាជ្រោយអាស៊ីអាគ្នេយ៍-SEAP Games ប៉ុន្ដែដោយសារស្ថានភាពមិនអំណោយផលបញ្ហាប្រាសាទព្រះវិហារ កម្ពុជាពុំបានធ្វើជាម្ចាស់ផ្ទះនោះទេ

*នៅឆ្នាំ១៩៦៥ ប្រទេសម៉ាទ្បេស៊ី បានធ្វើជាម្ចាស់ផ្ទះកីទ្បាជ្រោយអាស៊ីអាគ្នេយ៍-SEAP Games លើកទី៣ នៅទីក្រុងកូទ្បាទ្បាំពូជំនួសកម្ពុជាវិញ ដែលពេលនោះ កម្ពុជាបានចូលរួមដោយបញ្ជូនប្រតិភូកីទ្បាចំនួន៨៤នាក់ ជាលទ្ធផលទទួលបានមេដាយមាស១៥ មេដាយប្រាក់១៩ និងសំរឹទ្ធ១៧ ក្នុង៨ប្រភេទនៃកីទ្បាជ្រោយអាស៊ីអាគ្នេយ៍-SEAP Games លើកទី៣នេះ បានបង្ហាញពីការេីកចម្រើនរបស់កីទ្បាករកីទ្បាការនីកម្ពុជាមួយកម្រិតយ៉ាងធំធេង

*ចំពោះកីទ្បាជ្រោយអាស៊ីអាគ្នយ៍-SEAP Games លើកទី៤ និងលើកទី៥ កម្ពុជាក៏មិនបានចូលរួមប្រកួតទេ

*ការប្រកួតលើកទី៦ នៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ១៩៧១ កម្ពុជាបានចូលរួមការប្រកួតកីទ្បាជ្រោយអាស៊ីអាគ្នេយ៍-SEAP Games ដោយកីទ្បាករកីទ្បាការនី កម្ពុជាបានបង្ហាញនូវកម្រិតសមត្តភាពនិងគុណភាពដ៏លេចធ្លោរបស់ខ្លួនដោយដណ្ដើមបានមេដាយមាស១៧ មេដាយប្រាក់១៨ និងមេដាយសំរឹទ្ធ១៧

*ការប្រកួតលើកទី៧ ឆ្នាំ១៩៧៣ នៅប្រទេសសិង្ហបុរី កម្ពុជាបានចូលរួមប្រកួតកីទ្បាជ្រោយអាស៊ីអាគ្នេយ៍ -SEAP Games ដោយទទួលបានមេដាយមាស៩ មេដាយប្រាក់១២ និងមេដាយសំរឹទ្ធ២០

* ការប្រកួតលើកទី៨ ចាប់ពីឆ្នាំ១៩៧៥ ការប្រកួតកីទ្បាជ្រោយអាស៊ីអាគ្នេយ៍-SEAP Games កម្ពុជាអាក់ខានទាំងស្រុង ។

ជាសរុបលោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា ដូចនេះចាប់ពីឆ្នាំ១៩៧៥ រហូតដល់ទសវត្សឆ្នាំ១៩៩០ កម្ពុជាបានអាក់ខានទាំងស្រុងពុំបានចូលរួមប្រកួតនោះទេ ។ រហូតបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបឆ្នាំ១៩៩៤គណ:កម្មាធិការអូទ្បាំពិកអន្ដរជាតិបានទទួលស្គាល់គណ:កម្មាធិការអូទ្បាំពិកកម្ពុជាទ្បើងវិញ ហើយនៅឆ្នាំ១៩៩៥ កម្ពុជាបានចូលរួមកីទ្បាអាស៊ីអាគ្នេយ៍SEA Games លើកទី១៨ នៅទីក្រុងឈៀងម៉ៃប្រទេសថៃទ្បើងវិញ រហូតដល់បច្ចុប្បន្ន។

ដូច្នេះបច្ចុប្បន្នសន្ដិភាព បានធ្វើឲ្យកម្ពុជា មានឱកាសបានធ្វើជាម្ចាស់ផ្ទះលើកទី១នៅលើទឹកដីដ៏ស្រស់បវរកម្ពុជានិងជាប្រវត្ដិសាស្រ្ដនៃព្រឹត្តិការណ៍កីទ្បាស៉ីហ្គេម-SEA Games ទី១ផងដែរ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន  ក្នុងធានារា៉ប់រងការមិនយកថ្លៃសព្វបែបយ៉ាងទាំងអស់របស់កីទ្បាករ កីទ្បាការនី ព្រមទាំងប្រព័ន្ឋផ្សព្វផ្សាយរបស់បណ្ដាប្រទេសទាំងអស់នៅក្នុងតំបន់ និងការមិនយកថ្លៃសំបុត្រចូលទស្សនាទាំងភ្លៀវជាតិនិងអន្ដរជាតិ ៕