(កំពង់ឆ្នាំង)៖ ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ីប៉ារ៉ាហ្គេមលើកទី១២ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃនេះ មានអ្នកចូលរួមសរុបប្រមាណជិត៤០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
ក្បួនដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេមឆ្លងកាត់ខេត្តកំពង់ឆ្នាំងរយៈពេល២ថ្ងៃនេះ គឺនៅថ្ងៃទី១ ក្បួនដង្ហែរបស់ខេត្តកំពង់ឆ្នាំងបានទៅទទួលព្រះអគ្គិជ័យកីឡា នៅចំណុចភូមិជន្លាត់ដៃ ស្ថិតក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងចូលរួមអបអរសាទរស្វាគមន៍ និងចូលរួមដង្ហែសរុបមានចំនួន២០ម៉ឺននាក់ ដោយដៃមានកាន់ទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងទង់កីឡា ឈរគ្រវីព្រោងព្រាតតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលមានចម្ងាយផ្លូវប្រមាណ៥១គីឡូម៉ែត្រ ពីព្រំប្រទល់ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មកកាន់ក្រុងកំពង់ឆ្នាំង។
លុះនៅពេលរសៀលថ្ងៃដដែល ក្បួនដង្ហែរព្រះអគ្គិជ័យកីឡាត្រូវបានដង្ហែរចេញពីភោជនីយដ្ឋានដំរីស ជាប់ព្រំប្រទល់ស្រុករលាប្អៀរ ទៅកាន់សួនច្បារដើមពោធិ៍វិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង ដើម្បីធ្វើពិធីផ្សេងៗ។ បន្ទាប់មក ព្រះអគ្គិជ័យកីឡាក៏ត្រូវបានបន្តដង្ហែនាំយកទៅតម្កល់នៅក្នុងវត្តអារញ្ញការាម ដើម្បីរៀបចំប្រារព្ធពិធីតាមបែបសាសនា និងមានការបាញ់កាំជ្រួចអបអរសាទរនាពេលយប់ផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែមេសានេះថា រយៈពេល២ថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានមកចូលរួមយ៉ាងច្រើនលើសលប់ រហូតទៅដល់ជិត៤០ម៉ឺននាក់។
លោកថា ការណ៍នេះគឺបង្ហាញឱ្យឃើញពីទឹកចិត្តក្លៀវក្លាអស់ពីបេះដូងរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមស្វាគមន៍ការដង្ហែក្បួនព្រះអគ្គិជ័យកីឡា និងសបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានការគាំទ្រ និងការពារឥតងាករេនូវសុខសន្តិភាព ដែលជាមរតកយ៉ាងវិសេសវិសាលរបស់កម្ពុជា៕