(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យនគរបាលជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់គ្នា មានជំនឿលើសមត្ថកិច្ចក្នុងការស៊ើបអង្កេតករណីឃាតកម្មលើ លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រនគរបាល។
លោក គៀត ច័ន្ទថារិទ្ធ បានថ្លែងថា «ករណីឃាតកម្មលើរូបលោកកែម ឡី នេះក៏ជាការឈឺចាប់ និង មានការសោកស្តាយរបស់ពលរដ្ឋខ្មែរ រួមទាំងនគរបាលផងដែរ ហើយក៏ជាករណីប៉ះពាល់ដល់កិត្តយសរបស់សមត្ថកិច្ចនគរបាលថែមទៀត។ ដូច្នេះហើយបានជាកងកម្លាំងនគរបាល បាននិងកំពុងធ្វើកិច្ចប្រតិបត្តិការ យ៉ាងសកម្មក្នុងការស្រាវជ្រាវវែកមុខឃាតករ និងអ្នកពាក់ព័ន្ធ ដើម្បីរកយុត្តិធម៌ ជូនជនរងគ្រោះ ក៏ដូចជាការលើកស្ទួយកិត្តិយសនគរបាលជាតិ»។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលកាហ្វេ នៅក្នុងស្តាម៉ាតនៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី ត្រូវបានឃាតកបាញ់ចំនួន២គ្រាប់ ដោយ១ចំក្បាល និងមួយគ្រាប់ទៀត ចំដើមដៃធ្លាយ ទៅដល់ក្រោមដោះបណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមៗនោះដែរ កម្លាំងនគរបានបានចាប់ខ្លួនជនសង្ស័យជាឃាតកម្នាក់ រហ័សនាម ជួប សម្លាប់ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហារ លោក កែម ឡី។
គិតរហូតមកទល់ពេលនេះ មានរយៈពេល៤ថ្ងៃហើយ បន្ទាប់ពីមានឃាតកម្មលើបណ្ឌិត កែម ឡី។ សមត្ថកិច្ចគ្រាន់តែអះអាងថា មានពន្លឺជាច្រើន សម្រាប់ការស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធ ប៉ុន្តែទោះជាយ៉ាងសមត្ថកិច្ចនៅមិនទាន់បង្ហាញលទ្ធផល បន្ថែមណាមួយឱ្យលើអំពីសន្និសីទ កាលពីថ្ងៃទី១០ កក្កដា នៅឡើយទេ៕