(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ចូលរួមជាមួយកម្លាំងចម្រុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងការប្រកួតបាល់ទាត់កម្ពុជា-ទីម័រខាងកើត នាវេលាយប់មិញ។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមដោយវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ដែលមានកម្ពុជា (ម្ចាស់ផ្ទះ) ប្រកួតជាមួយទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះកម្ពុជាទទួលបានជ័យជម្នះលើភ្ញៀវក្នុងលទ្ធផល ៤-០។

កម្មវិធីប្រកួតបានបញ្ចប់ទៅដោយរលូនក្នុងបរិយាកាសសប្បាយរីករាយប្រកបដោយមោទនភាព និងសុវត្ថិភាព ដែលក្នុងនោះគេឃើញមានកងកម្លាំងប្រដាប់អាវុធចម្រុះបានរួមគ្នាប្រឹងប្រែងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុកដាក់ ក្នុងនោះក៏មានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមបំពេញតួនាទីយ៉ាងម៉ឹងម៉ាត់ស្វាហាប់ ប្រកបដោយឯកសណ្ឋាន មធ្យោបាយ សម្ភារទំនើបទាន់សម័យ ក្រោមការចុះដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផងដែរ៕