(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពសម្ពោធ និងផ្សព្វផ្សាយសៀវភៅ «ហ៊ុន សែន កម្ពុជា» វគ្គទី២ ជាផ្លូវការ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អៀង ពិសី អ្នកនិពន្ធសៀវភៅ លោក ទុំប៉ែន វីរៈវិទូ ប្រធានក្រុមផ្សព្វផ្សាយសៀវភៅ លោក Kevin Hsu នាយកប្រតិបត្ដិ Lixin Group ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើននាក់ នៅសណ្ឋាគារ Hyatt Regency Phnom Penh នាល្ងាចថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០២៣។

ក្នុងឱកាសនេះដែរ លោក ខៀវ កាញារីទ្ធ បានកោតសរសើរដល់ក្រុមស្រាវជ្រាវរបស់លោក អៀង ពិសី និងលោក ទុំប៉ែន វីរៈវិទូ ដែលបានខិតខំប្រឹងប្រែងផលិតសៀវភៅជាងមួយពាន់ទំព័រមិនមែនជាភាពងាយស្រួលនោះទេ ហើយយើងបានចំណាយពេលរាប់ឆ្នាំដើម្បីសរសេរសៀវភៅនេះ។

ជាមួយគ្នានេះ លោក អៀង ពិសី ក៏បានបកស្រាយសង្ខេបអត្ថន័យសៀវភៅ «ហ៊ុន សែន កម្ពុជា» ដែលជាសៀវភៅ ប្រវត្តិសាស្ត្រនយោបាយស្តីពី «នយោបាយបង្រួបបង្រួមផ្សះផ្សាអភិវឌ្ឍជាតិ ពីគំនរបែកបាក់ដោយសារសង្គ្រាម»។ គោលបំណងនៃការដាក់ចំណងជើងសៀវភៅនេះថា «ហ៊ុន សែន កម្ពុជា» គឺមានហេតុផល៨យ៉ាង៖

*១៖ នៅក្នុងចំណោមឥស្សរជនតស៊ូធំៗដែលបានរួមគ្នាវារំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានតែសម្តេចតេជោ ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ មានអាយុតិចជាងគេ និងមានភាពក្លាហានចេញមុខតស៊ូប្រឆាំងនឹងរបប គ្រប់គ្រងផ្តាច់ការអមនុស្សធម៌ កាប់សម្លាប់ជាតិសាសន៍ខ្មែរឯង។
*២៖ ខណៈដែលកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងក្រោយដែលកម្ពុជា បានរៀបចំរចនាសម្ព័ន្ធ ដឹកនាំប្រទេសរួចរាល់ សម្ដេចតេជោក៏ត្រូវបានជ្រើសតាំងធ្វើជារដ្ឋមន្ត្រីការបរទេស ដែលមានភារកិច្ចយ៉ាងសំខាន់បំផុតនៅ ក្នុងទំនាក់ទំនងលើពិភពលោកដែលមានវ័យក្មេងជាងគេបំផុត។
*ទី៣៖ ដំណើរការចរចានអនុសញ្ញាសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩៣ សម្តេចតេជោ គឺជាដៃគូដ៏សំខាន់តំណាងឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ចរចាជាមួយនឹងសម្តេចព្រះនរោត្តម សីហនុ នៅបណ្តាប្រទេសអាស៊ី និងអឺរ៉ុប។
*ទី៤៖ សម្តេចតេជោ ជាអ្នកនយោបាយដ៏សំខាន់នៃការរៀបចំ និងបង្កើតឱ្យមានការបោះឆ្នោតជាសកលនៅកម្ពុជា សាជាថ្មីដោយអង្គការសហប្រជាជាតិនាឆ្នាំ១៩៩៣កន្លងទៅ។
*ទី៥៖ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបម្រើជាតិ និងប្រជាជនតាំងពីឆ្នាំ១៩៨៥ ប្រកបដោយគតិបណ្ឌិតដឹកនាំ។
*ទី៦៖ នៅមុនការបោះឆ្នោតឆ្នាំ១៩៩៣ សម្តេចតេជោ បានផ្លាស់ប្ដូរទីផ្សារផែនការមកទីផ្សារសេរីដែលនាំឱ្យមានការ ប្រកួតប្រជែងផលិតផលនាំចេញនាំចូលទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។
*ទី៧៖ ឆ្នាំ១៩៩៦ សម្តេចតេជោ បានបង្កើតឱ្យមានគោលនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យនៅដំណាក់កាល ទី១និងបន្តបន្ទាប់ទៀតរហូតរំលត់សង្គ្រាមរ៉ាំរ៉ៃផ្ទៃក្នុងនាំមកនូវសុខសន្តិភាពទូទាំងប្រទេសដែលត្រូវបានកំណត់យកនៅថ្ងៃ
ទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
*ទី៨៖ ចាប់ពីឆ្នាំ២០០០មក ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្ដេចតេជោ បាននាំសេដ្ឋកិច្ចជាតិ មានកំណើនយ៉ាងឆាប់រហ័សក្នុងអត្រា៧% ក្នុង១ឆ្នាំជាកត្តានាំឱ្យជីវភាពប្រជាជនបានល្អប្រសើរគួរជាទីមោទនភាព។

សៀវភៅ «ហ៊ុន សែន កម្ពុជា» ត្រូវបានសរសេរចប់ និងចូលរោងពុម្ពនៅថ្ងៃសៅរ៍ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ចំនួន៣៣,៩៨៧ក្បាល ដោយថវិកាសប្បុរស ជនដោយបានឆ្លងកាត់ដល់ឧត្តមក្រុមប្រឹក្សា និងទទួលបានការត្រួតពិនិត្យខ្លឹមសារពីលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ទទួលបានការប្រឹក្សាផ្ទាល់ពីលោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន សម្រាប់ដំណើរការរៀបចំបោះពុម្ពផ្សាយលើកទី២ សៀវភៅ «ហ៊ុន សែន កម្ពុជា» ត្រូវបានបញ្ចូលខ្លឹមសារបន្ថែមសំខាន់ៗដូចជាយុទ្ធសាស្ត្រឌីហ្វីដ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុ កោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ខ្លឹមសារជាតិ និងអន្តរជាតិមួយចំនួនទៀត និងត្រូវបានសម្រេចបោះពុម្ពលើកទី២ នៅថ្ងៃសុក្រ ១២កើត ខែផល្គុនឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដោយមានជំនួយពី សម្តេចតេជោ ហ៊ុន សែន និងរួមសហការបន្ថែមពីបណ្តាសប្បុរសជនមួយចំនួនថែមទៀត ដែលមានចំនួនសរុប៥ម៉ឺនក្បាល។

សៀវភៅនេះត្រូវបានបែងចែកជា៤ផ្នែកធំៗគឺផ្នែកទី១៖ ពាក្យរាយ (ទំព័រទី១-៥៦៩) សរសេរពីបរិការណ៍នយោបាយកម្ពុជា,
ផ្នែកទី២៖ ពាក្យកាព្យ (ទំព័រ៥៧០-៦១២) និពន្ធជាបែបបទអក្សរសិល្ប៍, ផ្នែកទី៣៖ អនុសាសន៍ប្រកបដោយគតិបណ្ឌិតនៃ សម្ដេចតេជោ ហ៊ុន សែន (ទំព័រ៦១៣-៨៦៨), ផ្នែកទី៤៖ ឧបសម្ពន្ធ រូបភាព (ទំព័រ៨៦៩-១០៥៧)៕