(កណ្ដាល)៖ ក្នុងរាត្រីទីមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណ១៥,៤០០នាក់ បានទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា-ទីម័រខាងកើត នាឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ តាមរយៈកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់នៅតាមមូលដ្ឋានទាំង១៣ក្រុង-ស្រុកទូទាំងខេត្តកណ្ដាល ក្នុងនោះនៅសួនច្បារច្រមុះជ្រូកក្រុងតាខ្មៅ ជាមួយនឹងសម្រែកហ៊ោកញ្ជ្រៀវពោរពេញទៅដោយភាពសប្បាយរីករាយឥតឧបមា ក្រោមម្លប់សន្តិភាព។

បើតាមលោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានឲ្យដឹងថាក្រោមការចង្អុលបង្ហាញពីលោកអភិបាលខេត្ត គង់ សោភ័ណ្ឌ ដែលបានបង្គាប់ឲ្យមានការរៀបចំនៅទូទាំងខេត្តកណ្ដាលនៅមូលដ្ឋានរៀងៗខ្លួន ក្នុងនោះក្រុងតាខ្មៅត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានរៀបចំដាក់ទូរទស្សន៍ខ្នាតធំ (LED) ដើម្បីចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជាមួយនឹងការបំពាក់ធុងបាស់សំឡេងកងរំពងកក្រើកក្រុងតាខ្មៅតែម្ដងយប់មិញនេះ។

ប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់បានបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយដែលរដ្ឋបាលខេត្តកណ្ដាល បានរៀបចំដាក់ទូរទស្សន៍ខ្នាតធំឱ្យពួកគាត់បានទស្សនាជុំគ្នាជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេលក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗ។

សូមជម្រាបថា ការបញ្ជាំងនេះបានធ្វើឡើងទូទាំងខេត្តកណ្ដាលសរុប១៣ក្រុង-ស្រុក ខណៈដែលមនុស្សចូលរួមមានប្រមាណ១៥,៤០០នាក់ នៅក្នុងក្រុងតាខ្មៅមានប្រមាណ១,៣៥០នាក់។

គួរជម្រាបថា ក្នុងការប្រកួតលើកដំបូងដែលក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត U-22 នាវេលាយប់មិញនោះ ក្រុមកម្ពុជាបានលត់ក្រុមទីម័រខាងកើត ៤-០៕