(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានក្នុងតំបន់៣នៃបឹងទន្លេសាបត្រូវរួមគ្នាអភិរក្ស និងដាំកូនឈើលិចទឹកឡើងវិញនៅតំបន់នេះ ដើមី្បជាជម្រកត្រីពង សត្វស្លាប និងជាតំបន់ធម្មជាតិដែលទាក់ទាញភ្ញៀវទេសចរ។

សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងដូច្នេះនៅក្នុងសន្និបាតបូកសរុបសភាពការណ៍លទ្ធផលការងារ របស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្នុងការចុះជាប់ជាមួយប្រជាពលរដ្ឋ ដែលជួបផលលំបាកនៅក្នុងសហគមន៍ ស្ថិតនៅតំបន់៣នៃបឹងទន្លេសាប ហើយបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ធ្វើការកាត់ឆ្វៀលជូនពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅតាំងពីដូនតាមក ព្រមទាំងផ្តល់នូវសិទ្ធិកាន់កាប់ផងដែរ។

សម្តេច ទៀ បាញ់ ក៏បានជំរុញអាជ្ញាធរមូលដ្ឋាន ដែលស្ថិតក្នុងតំបន់៣នៃបឹងទន្លេសាប ត្រូវរួមសហការគ្នាអភិរក្ស ថែរក្សា និងដាំកូនឈើលិចទឹកឡើងវិញ ដើមី្បជាជម្រកត្រីពងកូននៅរដូវវស្សា សត្វស្លាបរស់នៅ និងជាតំបន់ធម្មជាតិ ដែលទាក់ទាញភ្ញៀវទេសចរចូលទៅទស្សនាកម្សាន្ត ដែលជួយបង្កើនប្រាក់់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ៕