(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន៥៧៩នាក់បន្ថែមទៀតនៅសង្កាត់បាក់ខែង ដើម្បីរួមកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតសកលនាពេលខាងមុខ ក៏ដូចជាកសាងជីវភាពបក្សឱ្យកាន់តែរីកចម្រើន ការពារសមិទ្ធផលដែលមានស្រាប់ និងកសាងបន្ថែមសម្រាប់គណបក្ស ក៏ដូចជាប្រជាជនក្នុងមូលដ្ឋានផងដែរ។

ការប្រកាសបញ្ចូលសមាជិកថ្មីនេះធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បាក់ខែង ក្រោមកិច្ចទទួលស្វាគមន៍របស់លោក ឃ្លាំង​ហួត សមាជិកអចិន្រ្តៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាអនុប្រធានទី១​ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌជ្រោយចង្វារ​និងលោក ឡោក ឆាយ​អនុប្រធានក្រុមការងារចុះជួយខណ្ឌជ្រោយចង្វារ។

នាឱកាសនោះ លោក ឃ្លាំង​ហួត​បានណែនាំដល់ប្រធានគណបក្សសង្កាត់ ក៏ដូចជាក្រុមការងារស្នូលដែលទ្រទ្រង់សកម្មភាពគណបក្សនៅសង្កាត់បាក់ខែងនេះ ឱ្យត្រូវយកចិត្តទុកដាក់ខ្ពស់លើការចិញ្ចឹមចលនាសមាជិកបក្ស ការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ ឬក៏ជួបបញ្ហាផ្សេងៗ ពិសេសគឺផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដាច់ខាតកុំឱ្យពួកគាត់ថ្នាំងថ្នាក់ឱ្យសោះ។

លោកបានបន្តថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ប៉ុន្តែមកដល់ថ្ងៃនេះហើយ គឺត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដាក់សមាជិកបក្សបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថាពួកគេមិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋានក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ផងដែរ។

លោកបានបន្តទៀតថា គណបក្សសង្កាត់ក៏ត្រូវត្រៀមឃោសនិកតាមភូមិ យុវជនដែលមានថ្វីមាត់និងចំណេះដឹងទូលំទូលាយ ដើម្បីបកស្រាយពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋនៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ។

លោក ឃ្លាំង ហួត បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតីដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានមកដល់នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ៕