(ស្វាយរៀង)៖ គណបក្សប្រជាជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង ប្រកាសបញ្ចូលសមាជិកថ្មីចំនួន៣៤៥ មកពីសង្កាត់បាទី និងសង្កាត់ប្រាសាទ ក្រុងបាវិត ក្រោមអធិបតីភាពលោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។
លោក លី ធុជ បានស្វាគមន៍និងអបអរសាទរចំពោះការសម្រេចចិត្តចូលរួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលតែងតែគិតគូរ និងផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ការកសាងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកបានចាត់ទុកការរួមរស់ជាមួយគណបក្សរបស់ប្រជាពលរដ្ឋ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដើម្បីចូលរួមបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ក្នុងពិធីនោះ លោកប្រធាន លី ធុជ បានណែនាំឱ្យសមាជិក-សមាជិកាគណបក្សដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវបន្តចងចាំនូវគុណតម្លៃ និងការដឹកនាំជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន៣ចំណុច រួមមាន៖
១. ថ្ងៃរំដោះ ៧ មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត និងជាសមិទ្ធផលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងបានផ្តល់នូវកំណើតទី២ ជូនដល់ប្រជាជនកម្ពុជាទាំងអស់។
២. ទោះបីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុន្តែប្រទេសជាតិនៅតែបន្តបែកបាក់គ្នា និងបែងចែកតំបន់គ្នាគ្រប់គ្រង។ ក្រោមនយោយបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោជាបិតាសន្តិភាព កម្ពុជាបានក្លាយជាប្រទេសតែមួយទទួលបានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញពាសពេញផ្ទៃប្រទេស។
៣. រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ ព្រមទាំងបានកសាងនូវសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងច្រើន និងលើកកម្ពស់កម្ពុជាឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាជុំវិញពិភពលោក។
ក្នុងឱកាសនោះ លោក លី ធុជ បានពាំនាំសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ជូនចំពោះសមាជិក-សមាជិកាគណបក្សក្រុងបាវិតទាំងអស់។
លោកក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ឮបន្តជួយផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិទាំងអស់ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕