(គូឡាឡាំពួរ)៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន នឹងមិនចេញសេចក្តីថ្លែងការណ៍ណាមួយ ទៅលើ សេចក្តីសម្រេចរបស់តុលាការអន្តរជាតិឡាអេ ដែលបានកាត់សេចក្តីឲ្យចិនចាញ់ហ្វីលីពីន លើជម្លោះសមុទ្រចិនខាងត្បូង នោះឡើយ ហើយសមាគមដែលមាន ១០ប្រទេសនេះក៏មិនបានទទួលរងសម្ពាធណាមួយពីទីក្រុងប៉េកាំងនោះដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦ ដោយដកស្រង់ពីការលើកឡើង របស់បណ្តាអ្នកជំនាញការទូតក្នុងតំបន់អាស៊ានផ្ទាល់តែម្តង។
អ្នកការទូតនានាបានលើកឡើងថា សមាគមអាស៊ានហាក់ទទួលរងទំងន់ ថាតើគួរតែបញ្ចេញមតិអ្វី ចំពោះសាលក្រម តុលាការឡាអេ ដែលបានចេញកាលពីថ្ងៃទី១២ ខែកក្កដា នោះដែរឬទេ ប៉ុន្តែសមាជិកទាំង១០របស់អាស៊ាន ដែលមួយ ចំនួនក្នុងចំណោមនេះបានអះអាងថា ខ្លួនបានទទួលរងសម្ពាធពីការបង្កើនវត្តមានរបស់ចិននៅសមុទ្រចិនខាងត្បូងនោះ មិនអាចធ្វើការមូលមតិគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយនឹងអ្នកជិតខាងក៏ខ្លាំងក្លាយបំផុត ដូចជាចិននេះឡើយ។
អ្នកជំនាញបានលើកឡើងដូច្នេះថា «មន្ត្រីអាស៊ានមួយចំនួនទំនងជាបាន រៀបចំសេចក្តីព្រាងនៃលិខិតរួចរាល់ទៅ ហើយ ប៉ុន្តែពួកគេពុំទាន់មានការឯកភាពគ្នាដើម្បីបង្កើតចេញជាសេចក្តីថ្លែងការណ៍រួមនោះឡើយ ហើយប្រទេសចិន ត្រូវបានគេជឿជាក់ថា បានពឹងផ្អែកលើជំនួយពីប្រទេស ឡាវ និងកម្ពុជា ដែលជាសម្ព័ន្ធមិត្តរបស់ខ្ហួននៅអាស៊ាន ដើម្បីរារាំងមិនឲ្យសេចក្តីថ្លែងការណ៍ណាមួយចេញមក។ ប្រទេសអាស៊ានមួយចំនួនប្រាកដជាមិនសប្បាយចិត្តនោះទេ ពីព្រោះទង្វើរបស់ទីក្រុងប៉េកាំង ត្រូវបានគេមើលឃើញដូចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន»។
គួរបញ្ជាក់តាមសារព័ត៌មានសិង្ហបុរីថា ចិនបានទាមទារអធិបតេយ្យស្ទើរតែទាំងអស់ នៅតំបន់សមុទ្រចិនខាងត្បូង ដែលសុទ្ធសឹងតែជាទីតាំងយុទ្ធសាស្ត្រសំខាន់ៗរបស់ ផ្លូវនាវាចរដ៏មានសក្តានុពលបំផុត នៅលើសកលលោកនេះ។ ប្រទេសអាស៊ានមួយចំនួន និងសហរដ្ឋអាមេរិក បានចោទប្រទេសចិនថាកំពុងតែធ្វើការ អភិវឌ្ឍថ្មប៉ប្រះទឹក និង ទួលខ្សាច់ ទៅជាកោះសប្បនិម្មិត ព្រមជាមួយនឹងការបង្កើនវត្តមានមូលដ្ឋានយោធាជើងទឹកផងដែរ៕