(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្តល់លេខទូរស័ព្ទមួយខ្សែ «012 363 636» ដើម្បីទាក់ទងរកកិច្ចសម្របសម្រួលក្នុងករណីជនបរទេសចង់ចូល​ទស្សនា​ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយគ្មានសំបុត្រនោះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ដើម្បីទទួលបានកិច្ចអន្តរាគមន៍ ត្រូវទូរស័ព្ទទៅ​លេខ​​ខាង​លើ​ឱ្យទាន់ពេលវេលា ហើយត្រូវផ្តល់ព័ត៌មានសញ្ជាតិរបស់​ជនបរទេសនោះ ចំនួនសមាជិក និងច្រកដែលពួកគេរង់ចាំចូលទស្សនាការប្រកួត។

ថ្ងៃបើកការប្រកួតដំបូងនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ មានជន​បរទេសមួយចំនួនខកខានចូលទស្សនាការប្រកួតក្រុមជម្រើសជាតិរបស់ពួកគេ ដោយសារមិនមានសំបុត្រ។

ជនបរទេសដែលមិនបានចូលទស្សនាការប្រកួត បានបញ្ជាក់ថា កម្មវិធីទាញ​យក​សំបុត្រ​តាមអនឡាញ ដំណើរការមិនសូវលឿន ឬគាំង ទើបធ្វើពួកគេពិបាកចូលស្នើ ទៅសុំសំបុត្រ។ មួយវិញទៀត លក្ខខណ្ឌនៃចែកសំបុត្រ គឺសំបុត្រមួយអាចមើល​បាន​ពីរប្រកួតតែម្តង ដូច្នេះរាល់ការប្រកួតដែលមានក្រុមជម្រើសជាតិកម្ពុជាប្រកួត គឺ​សំបុត្រ​ត្រូវបានចែកអស់មិនសល់នោះឡើយ។ ដូច្នេះប្រកួតរវាងគូបរទេស និង​ប​រ​ទេស ទិន្នន័យនៃការចែកសំបុត្រ គឺមើលឃើញថាពេញកៅអីអស់ ខណៈជាក់ស្តែង​ការប្រកួតរវាងបរទេស និងបរទេស មិនសូវមានអ្នកទស្សនាផ្ទាល់នោះទេ។

ក្រោយពីទទួលបានព័ត៌មានជនបរទេសខកខានចូលទស្សនាការប្រកួតនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើន ស្នើឱ្យមានការគិតគូរ និងសម្រួល ឱ្យជនបរទេសបានចូលទស្សនា។ ជាពិសេសក្រុមជម្រើសជាតិរបស់ពួកគេ។

នាយឧត្តមសេនីយ៍ សៅ សុខា បានសូមការយោគយល់ចំពោះករណីខាងលើនេះ និងស្នើសុំកុំឱ្យបន្ទោសដល់ក្រុមការងារសម្របសម្រួល ព្រោះពួកគេអនុវត្តន៍តាមគោលការណ៍ណែនាំទាំងឡាយ ដែលបានកំណត់៕