(កំពង់ចាម)៖ ក្នុងរាត្រីទីមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យ៉ាងហោចណាស់មានប្រជាពលរដ្ឋប្រមាណជិត២ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា-ទីម័រខាងកើត នាឱកាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ តាមរយៈកញ្ចក់ទូរទស្សន៍ផ្សាយបន្តផ្ទាល់នៅលើសួនច្បារមុខសាលាខេត្តកំពង់ចាម។
បើតាមលោក ស៊ាន សុគន់ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរៀបចំដាក់ទូរទស្សន៍ខ្នាតធំ (LED) ដើម្បីចាក់បញ្ចាំងផ្សាយបន្តផ្ទាល់ពីការប្រកួតបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា នារាត្រីទីមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមកពីទីជិតឆ្ងាយចូលរួមទស្សនាការផ្សាយបន្តផ្ទាល់នេះយ៉ាងច្រើនកុះករប្រមាណជិត២ម៉ឺននាក់ នៅលើសួនច្បារមុខសាលាខេត្តកំពង់ចាមតែម្ដង។
ប្រភពពីប្រជាពលរដ្ឋដែលមកចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ បានបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយដែលរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំដាក់ទូរទស្សន៍ខ្នាតធំឱ្យពួកគាត់បានទស្សនាជុំគ្នាជាមួយប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលប្រកាសនេះធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយ ស្រែកហ៊ោកញ្ច្រៀវ ជាពិសេសនៅពេលក្រុមកីឡាករទាត់បាល់បញ្ចូលទីម្ដងៗ។
គួរជម្រាបថា ក្នុងការប្រកួតលើកដំបូងដែលក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិទីម័រខាងកើត U-22 នាវេលាយប់មិញនោះ ក្រុមកម្ពុជាបានលត់ក្រុមទីម័រខាងកើត ៤-០៕