(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រុមនិស្សិតខ្មែរឥស្លាមចំនួន៦រូប បានមកដល់កម្ពុជាហើយ តាមជើងហោះហើរ របស់ក្រុមហ៊ុនបាងកកអ៊ែវ៉េ បន្ទាប់ពីបានអន្តាគមន៍ពីរដ្ឋាភិបាលកម្ពុជា តាមរយៈលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស រួមនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការជម្លៀសនិស្សិតទាំងអស់នេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងមានសង្គ្រាមយ៉ាងសន្ធោសន្ធៅនៅរដ្ឋធានីកាទុំ។
នាឱកាសទទួលនិស្សិតទាំង៦រូបនេះ មានវត្តមាន លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា, លោក រ៉ូហ្វី សមាជិករដ្ឋសភា និងលោក ម៉ូត យូសុះ សមាជិករដ្ឋសភា។
លោក ណុះ ស្លេះ បានឲ្យដឹងថា ការរំដោះ និងជួយសង្គ្រោះក្រុមនិស្សិតខ្មែរឥស្លាមទាំង៦រូបនេះ បានធ្វើឡើងបន្ទាប់ពីមានការណែនាំ និងការគិតគូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាឲ្យលោក អូស្មាន ហាស្សាន់ ធ្វើការរួមគ្នាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឈានដល់ការសហការ ជាមួយស្ថានទូត នៃប្រទេសម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត ដើម្បីជួយចាត់ចែងយកក្រុមនិស្សិតទាំងនេះ ចេញពីប្រទេសស៊ូដង់ ដែលកំពុងស្ថិតក្នុងភាពអសន្តិសុខ។
ក្នុងដំណើរការជម្លៀសនិស្សិតនេះ អារ៉ាប៊ីសាអូឌីត បានជួយភៀសនិស្សិតចេញពីប្រទេសស៊ូដង់ តាមនាវាទៅដល់ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ហើយម៉ាឡេស៊ីបានទទួលរ៉ាប់រងរាល់នូវការស្នាក់នៅ អាហារ និងផ្សេងៗ។
លោកថ្លែងបន្តថា ការសម្របសម្រួលនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសហការធ្វើការងារនេះទាំងថ្ងៃទាំងយប់ជាមួយស្ថានទូតកម្ពុជា ប្រចាំប្រទេសអេហ្ស៊ីប ដែលមានលោក អ៊ុក សារុន និងលោក ស្មាន ម៉ាណន ឯកអគ្គរាជទូតកម្ពុជាប្រចាំកូវ៉ែត ដោយបានធ្វើកិច្ចការនេះយ៉ាងល្អជាមួយស្ថានទូតម៉ាឡេស៊ី ប្រចាំស៊ូដង់ ទោះកម្ពុជាពុំទាន់មានទូតរបស់ខ្លួននៅស៊ូដង់ក៏ដោយ។
លោកបានបន្ថែមថា ដំបូងឡើយ ប្រទេសម៉ាឡេស៊ី រៀបចំបញ្ជូននិស្សិតកម្ពុជា ទៅតាមពលរដ្ឋរបស់ពួកគេទៅម៉ាឡេស៊ីទាំងអស់ និងទិញសំបុត្រយាន្តហោះជូននិស្សិតទាំង៦រូប ហើយបញ្ជូនមកកម្ពុជា ប៉ុន្តែដោយសារមាននិស្សិត ៣រូប បានបញ្ចប់ការសិក្សាហើយសាលាបានទិញសំបុត្រឲ្យរួចមកតាមបាងកក ដូច្នេះម៉ាឡេស៊ីបានទិញសំបុត្រយន្តហោះជូននិស្សិត៣រូបផ្សេងទៀត ដើម្បីបានត្រឡប់មកជុំគ្នា តាមជើងហោះហើរបាងកក។ លោកបានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងអស់។
និស្សិតទាំងអស់ ព្រមទាំងអាណាព្យាបាល បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត អូស្មាន ហាស្សាន់ ព្រមទាំងមន្ត្រីអង្គទូត និងបណ្តាអង្គទូតពាក់ព័ន្ធទាំងអស់ ដែលបានគិតគូរ និងស្វះស្វែងជួយដល់និស្សិតខ្មែរទាំង៦រូប ដែលកំពុងជាប់គាំងនៅក្នុងភ្លេីងសង្គ្រាមនៃប្រទេសស៊ូដង់ ឲ្យបានត្រឡប់មកស្រុកកំណើតវិញដោយសុវត្ថិភាព។ ក្នុងចំណោមនិស្សិតទាំង ៦រូបនេះ មានស្រី២រូប ដែលមានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ៣រូប និងស្រុកក្រូចឆ្មារ៣រូប ក្នុងខេត្តត្បូងឃ្មុំ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី មន្ត្រីម៉ាឡេស៊ី ដែលមានយកចិត្តទុកដាក់ជួយដល់ប្រជាជនកម្ពុជា ក្នុងការជម្លៀសខ្លួន ហើយក៏អរគុណដល់រដ្ឋាភិបាលអារ៉ាប់ប៊ីសាអូឌីត និងមន្ត្រីអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់កន្លែងជ្រកកោន រយៈពេលខ្លីដល់និស្សិតកម្ពុជា។
គួរបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានរំដោះក្រុមនិស្សិត ខ្មែរឥស្លាមចេញពីប្រទេស ដែលមានភាពអសន្តិសុខ មានដូចជាប្រទេសអេហ្ស៊ីបចំនួន៥០នាក់ ប្រទេសលីប៊ីចំនួន ១៨នាក់ ប្រទេសយេម៉ែនចំនួន១៦នាក់ និងប្រទេសស៊ូដង់ ៦នាក់ខាងលើ៕