(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញពិនិត្យដំណើរការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។
លោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាអ្នកគ្រប់គ្រងការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ត្រូវបានសាងសង់ឡើងដោយប្រើបច្ចេកវិទ្យាចុងក្រោយ MABR (membrane aerated biofilm reactor) មានសមត្ថភាពខ្ពស់ក្នុងការដកសមាសធាតុពុល COD, BOD, TN, TP បានលឿនដោយប្រើរយៈពេលតែ ២០ម៉ោងប៉ុណ្ណោះ។ ធៀបនឹងបច្ចេកវិទ្យាចាស់មុនៗ គឺប្រើពេលរហូតដល់ទៅ ២០ថ្ងៃ។
ស្ថាប័ត្យករវ័យក្មេងដ៏ខ្លាំងពូកែ លោក លី រស្មី បានឱ្យដឹងទៀត បើធៀបនឹងអាងប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ ចំនួន២ ដែលដាក់ឱ្យដំណើរការរយៈពេលពីរឆ្នាំកន្លងទៅ បានបង្ហាញថា បច្ចេកវិទ្យា MABR បានដំណើរការប្រកបដោយប្រសិទ្ធខ្ពស់ គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ លទ្ធផលមានស្ថិរភាព និងសន្សំសំចៃថាមពល។
លោក លី រស្មី បានឱ្យដឹងផងដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ មានមត្ថភាពចម្រោះទឹកកខ្វក់បានប្រមាណ ២ម៉ឺនម៉ែត្រគូប ក្នុង១ថ្ងៃ។ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២,៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ត្រូវបានសាងសង់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ គ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្រេចបានប្រមាណ ៨៩ភាគរយហើយ។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ សាងសង់លើផ្ទៃដីតែ១ហិកតាប៉ុណ្ណោះ។
សូមបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងព្រះសីហនុ គឺជាសមិទ្ធផលមួយកើតចេញពីការគិតគូររបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីថែរក្សាការពារបរិស្ថាន។ ជាពិសេសថែរក្សាបរិស្ថាន មានដូចជាឆ្នេរ ទឹកសមុទ្រ រួមនឹងជីវៈចម្រុះនៅក្នុងសមុទ្រ កុំឱ្យរងផលប៉ះពាល់ពីទឹកកខ្វក់បង្ហូរពីតាមលំនៅដ្ឋាន អាហារដ្ឋាន សណ្ឋាគារ និងទីតាំងដទៃទៀត។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានតួនាទីក្នុងការចម្រោះទឹកកខ្វក់ទាំងឡាយ ឱ្យបានស្អាតមុននឹងបង្ហូរចេញទៅក្រៅ ឬចូលទៅក្នុងសមុទ្រ។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បានចាប់ផ្តើមសាងសង់ដំណាលនឹងគម្រោងសាងសង់ផ្លូវទាំង៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ។ ស្ថានីយប្រព្រឹត្តកម្មចំនួនពីរហើយ ដែលបានដាក់ឱ្យប្រើប្រាស់នាពេលកន្លងទៅ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ស្ថានីយទី១ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតាស្ថិតក្នុងសង្កាត់លេខ៣។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ស្ថានីយទី២ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតាស្ថិតក្នុងសង្កាត់លេខ៣។
ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ (១៦ ហិកតា)៕