(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជំរុញឱ្យអាជ្ញាធរខិតខំពង្រឹងការអនុវត្តច្បាប់ ឱ្យបានម៉ឹងម៉ាត់ចំពោះអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យមានចលាចលក្នុងសង្គម និងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបន្តជំរុញការផ្សព្វផ្សាយស្តីពីវិធានការ ពង្រឹងបម្រើសេវាសាធារណៈឱ្យកាន់ប្រសិទ្ធភាពថែមទៀត។
ការជំរុញបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមដោយលោក លោកស្រី ជាប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានៅតាមបណ្ដា ឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត បានលើកឡើងពីការសម្រេចបានសមិទ្ធផលជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល រួមមានការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមបានល្អ ថែរក្សាបានម៉ាក្រុសេដ្ឋកិច្ច ការគ្រប់គ្រងបានលើជំងឺកូវីដ១៩ បានជោគជ័យ តាមយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង ដូចអភិក្រមផ្ការីក ឈានទៅបើកសេដ្ឋកិច្ច និងដំណើរការប្រទេសឡើងវិញដោយភាពជឿជាក់ និងឆ្ពោះទៅការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២។ បន្តបន្ទាប់មកទៀត កម្ពុជាក៏បានបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន បានទទួលជោគជ័យ នៅក្នុងពេលពិភពបានកំពុងជួបវិបត្តិស្មុគ្រស្មាញ នៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងវិវត្តន៍នៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនជាដើម។ កម្ពុជាបានចេញនូវសេចក្តីប្រកាសរួម និងឯកសារជាច្រើនលើសពីការរំពឹងទុក និងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតាមសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ទទួលបានកោតសរសើរ និងគាំទ្រពីអន្តរជាតិ។
លើសពីនេះទៀត កម្ពុជាក៏កំពុងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២។ សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ និងភាពឈ្លាសវៃនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក អ៊ាង សុផល្លែត បានដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣នេះ ដោយគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការជាមួយថ្នាក់មូលដ្ឋានថ្នាក់ បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះ បានចំណាយទាំងកម្លាំងកាយ-ចិត្ត ពេលវេលា ជាពិសេសមធ្យោបាយ ធនធានផ្ទាល់ខ្លួន ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ៕