(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានឲ្យដឹងថា ក្រោយពីចំណាយពេលរៀបចំ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន អស់រយៈពេលជាង ១០ឆ្នាំ កម្ពុជា នឹងត្រូវអនុវត្តន៍ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដើម្បីធានាដល់ការការពារសិទ្ធ និងឧត្តមប្រយោជន៍របស់អនីតិជន ដែលប្រព្រឹត្តល្មើស គាំទ្រការស្តារនីតិសម្បទា ការធ្វើសមហរណកម្មអនីតិជនទៅក្នុងសង្គម ឬសហគមន៍ និង ការធានាការពារផលប្រយោជន៍សង្គម និងសហគមន៍ផងដែរ។
នៅក្នុងពិធីផ្សព្វផ្សាយ និងណែនាំអំពីនីតិវិធីអនុវត្តច្បាប់ស្តីពីយុត្តិធម៌ អនីតិជន នៅទីស្តីការក្រសួងថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៦ លោក វង សូត បានថ្លែងថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលកំពុងធ្វើការផ្សព្វផ្សាយនេះ មានគោលបំណងឆ្លើយតបទៅនឹងស្ថានភាពអភិវឌ្ឍន៍ជាក់ស្តែង នៅកម្ពុជា ដែលតម្រូវឲ្យមានច្បាប់ពិសេស ដើម្បីកំណត់នូវនីតិវិធីកុមារមេត្រី និង អនុវត្តន៍ ចំពោះអនីតិជន ដែលប្រព្រឹត្តល្មើស។ ច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះ ជាច្បាប់មានសារៈសំខាន់សម្រាប់តុលាការព្រហ្មទណ្ឌ ដែលបានបង្ហាញពីវិធីក្នុងការស្តារឡើងវិញ នូវយុត្តិធម៌ព្រហ្មទណ្ឌរបស់អនីតិជន សំដៅបង្វែរ និងសមាហរណកម្មទៅក្នុងសហគមន៍។
លោករដ្ឋមន្រ្តី បន្តថា នៅពេលកម្ពុជា មានច្បាប់ស្តីពីយុត្តិធម៌អនីតិជននេះ ប្រទេសក្នុងពិភពលោក ជាពិសេសប្រទេសក្នុងអាស៊ាន បានកោតសសើរយ៉ាងខ្លាំងដល់កម្ពុជា ដែលបានអនុម័តច្បាប់ ដែលមានសារៈសំខាន់នេះ សម្រាប់ការពារអនីតិជន ដែលជាបរិបទមួយ នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ទាក់ទិននឹងច្បាប់នេះដែរ លោក វង សូត បានបន្តថា ការបង្កើតច្បាប់នេះឡើង គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលមានឆន្ទៈគោលនយោបាយខ្ពស់ ក្នុងការពន្លឿនដំណើរការកំណែទម្រង់ច្បាប់ និង ប្រព័ន្ធយុត្តិធម៌ ដើម្បីសម្រេចឲ្យបាននូវប្រព័ន្ធច្បាប់ ដែលមានលក្ខណៈស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ពិសេសសំដៅលើកស្ទួយគោរពសិទ្ធ និង ធានាយុត្តិធម៌ សម្រាប់កុមារ។
បើយោងតាមជំពួកទី៣ មាត្រា៧ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានកំណត់ថា អនីតិភាព នៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ក្នុងនោះតុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌ ទៅលើអនីតិជនអាយុចាប់ពី ១៤ឆ្នាំឡើងទៅ។ បើសិនកាលៈទេសៈ នៃបទល្មើស ឬ បុគ្គលិកលក្ខណៈរបស់អនីតិជននោះ តម្រូវលើកលែងតែករណីមានចែងពិសេស ក្នុងច្បាប់ផ្សេងទៀត៕