(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Nam Han Cho សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Ajon នៃសាធារណៈរដ្ឋកូរ៉េ និងមានសញ្ជាតិជាខ្មែរផងនោះ បានបង្ហាញពីគោលជំហរ ដ៏វែងឆ្ងាយរបស់ខ្លួន ក្នុងការជួយព្យាបាលជំងឺដល់ពលរដ្ឋកម្ពុជា ពិសេសអ្នកមានជំងឺទឹកនោមផ្អែម ដោយលោកបានសម្រេចចិត្ត កសាងជាមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ដើម្បីទទួលព្យាបាលអ្នកមានជំងឺទឹកនោមផ្អែម ចាប់ពីថ្ងៃនេះតទៅ។
ថ្លែងនៅក្នុងពិធីជួបជុំពិភាក្សាការងារ ជាមួយក្រុមវេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យព្រះកុសុមៈ និងដៃគូសហការ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ក្នុងនោះមានទាំងអ្នកស្រី ទេព កូលាប ផងដែរនោះ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ថា ជាកិត្តិយសណាស់ដែលលោក បានជាប់ឆ្នោត ជាប្រធានសហព័ន្ធជំងឺទឹកនោមផ្អែមពិភពលោកលើកទី១ ដែលក្នុងរយៈពេល៦៦ឆ្នាំមកហើយ មិនដែលមានប្រធាន សហព័ន្ធ ជំងឺទឹកនោមផ្អែម ជាជនជាតិអាស៊ីនោះទេ។ សហព័ន្ធជំងឺទឹកនោមផ្អែមពិភពលោក គឺមានការទទួលខុសត្រូវចំពោះការ ព្យាបាល ជំងឺទឹកនោមផ្អែម ចំនួន១៦៨ ប្រទេស នៅជុំវិញពិភពលោក ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹង អង្គការសហប្រជាជាតិ, អង្គការសុខភាពពិភពលោក ហើយមានទីស្នាក់ការកណ្ដាល ស្ថិតនៅក្នុងប្រទេសប៊ែលហ្ស៊ិក។
លោកបានបន្តទៀតថា សហព័ន្ធជំងឺទឹកនោមផ្អែមពិភពលោក គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ហើយបើតាមតួលេខមានអ្នកជំងឺ ទឹកនោមផ្អែម ប្រមាណ៤១៥ លាននាក់នៅជុំវិញពិភពលោក កំពុងត្រូវការការព្យាបាល ហើយអ្នកដែលមិនទាន់ដឹងថា ខ្លួនឯងមានជំងឺ ទឹកនោមផ្អែម គឺមានរហូតដល់១កោដិនាក់ឯណោះ។ បញ្ហានេះ ជាបញ្ហាដ៏ប្រឈមមុខមួយ សម្រាប់ប្រទេសកម្ពុជាដោយសារតែកំណើន សេដ្ឋកិច្ចនៅកម្ពុជា មានកំណើនលឿន ដូច្នេះមានមនុស្សជាច្រើន អាចប្រឈមនឹងជំងឺទឹកនោមផ្អែម ព្រោះតែការញ៉ាំអាហារ មានរសជាតិប៊រ័ ជាតិខ្លាញ់ ការជក់បារី ពិសាស្រាបៀរ ខ្វះការហាត់ប្រាណ និងមានរូបរាងធាត់ខ្លាំង ហើយការរស់នៅមានសណ្ឋាន ដូចជាប្រទេស បែបលោកខាងលិច។
សាស្រ្តាចារ្យឯកទេស ខាងជំងឺទឹកនោមផ្អែមរូបនេះ បន្តទៀតថា នៅក្នុងប្រទេសកម្ពុជាការកើនឡើងនៃអ្នកជំងឺទឹកនោមផ្អែមនឹងមាន លក្ខណៈខ្ពស់ក្នុងពេលអនាគត ខណៈដែលសព្វថ្ងៃនេះ មានអ្នកកើតជំងឺទឹកនោមផ្អែម រហូតដល់១លាននាក់និងអ្នកដែលមិនទាន់ ដឹងខ្លួនឯងថា មានជំងឺទឹកនោមផ្អែមមានចំនួន១,២លាននាក់។ ដូច្នេះហើយដើម្បីការពារ និងព្យាបាលអ្នកជំងឺទឹកនោមផ្អែមដ៏ច្រើន សន្ធឹកសន្ធាប់នេះ គឺយើងត្រូវការថវិកាជាតិប្រមាណ២០% ដែលរដ្ឋាភិបាលត្រូវការចំណាយច្រើន ហើយរដ្ឋាភិបាលគួរតែ មានវិធានការទប់ស្កាត់ នូវការកើនឡើងជំងឺទឹកនោមផ្អែមខ្លាំង នាពេលអនាគត។
លោកបានសង្កត់ធ្ងន់ទៀតថា មូលហេតុដែលលោកបានមកកាន់កម្ពុជានៅពេលនេះ គឺមិនមែនដោយសារតែជំងឺទឹកនោមផ្អែមទេ ព្រោះតែលោកមកកម្ពុជា តាំងពី១៦ឆ្នាំមុនមកម្ល៉េះ ក្នុងនាមជាគ្រូពេទ្យមនុស្សធម៌ ស្ម័គ្រចិត្តជួយប្រជាជនកម្ពុជា ហើយកាលពី១៦ឆ្នាំមុន ភាគច្រើនដែលលោកជួបប្រទះ គឺជំងឺឆ្លង ប៉ុន្តែជាង១០ឆ្នាំមកនេះ ជំងឺឆ្លងមានការផ្លាស់ប្ដូរ ដោយមានការកើនឡើង នៃជំងឺទឹកនោមផ្អែម និងលើសឈាមទៅវិញ។ ដូច្នេះហើយបេសកកម្មរបស់លោក មកកាន់ប្រទេសកម្ពុជា នៅពេលនេះ គឺត្រូវសាងសង់មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម ជួយព្យាបាលជំងឺទឹកនោមផ្អែម ជូនប្រជាជនកម្ពុជា ហើយម្យ៉ាងទៀត ក៏ដោយសារលោកមានសញ្ជាតិកម្ពុជា ទើបលោកត្រូវបំពេញកិច្ចការនេះ ជាមួយនឹងរដ្ឋាភិបាលកម្ពុជា ឲ្យបានជិតស្និទ្ធបំផុត។
យ៉ាណាមិញ ការសាងសង់អគារមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម នៅក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺមិនទាន់គ្រប់គ្រាន់តាមតម្រូវការនោះឡើយ ពោលលោកត្រូវបន្ថែមសម្ភារៈបរិក្ខា បច្ចេកទេសជាច្រើនទៀត ដើម្បីសិក្សាស្រាវជ្រាវ និងការកសាងមជ្ឈមណ្ឌលព្យាបាលបន្ថែមទៀត នៅតាមមន្ទីរពេលធំៗនានា ដើម្បីបំពេញតម្រូវការ ដែលកំពុងតែខ្វះខាត ទាំងនៅពេលនេះ និងនៅថ្ងៃអនាគត៕