(ព្រៃវែង)៖ លោក អ៉ីវ លាង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបឹងព្រះ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក អ៉ីវ លាង បានលើកឡើងពីការសម្រេចបានសមិទ្ធផលជាច្រើនរបស់រាជរដ្ឋាភិបាលរួមមានដូចជាការគ្រប់គ្រងបានលើជំងឺកូវីដ១៩ បានជោគជ័យ ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន បានជោគជ័យ និងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ នឹងទទួលបានជោគជ័យ។ល។ សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលចាត់ចែង និងធ្វើការសម្រេចចិត្តបានត្រឹមត្រូវប្រកបដោយភាពប៉ិនប្រសប់។
លោកបានបន្តថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋ ឬមន្ត្រីបក្សនោះទេ ការងារសំខាន់គឺបម្រើប្រជាពលរដ្ឋ។ ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឱ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។
លោក អ៉ីវ លាង បានបន្ថែមថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ លោកបានជំរុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឱ្យកាន់ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។
លោក អ៉ីវ លាង បានពិនិត្យលទ្ធផលការងារទិសដៅខែចាស់ដែលសម្រេចបាន និងចំពោះការងារមិនទាន់បានសម្រេច បានដាក់បញ្ចូលទៅក្នុងទិសដៅខែថ្មី ជាមួយនឹងការដាក់ចេញផែនការសកម្មភាពជាជំហានៗឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣នេះ។
ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ឃុំ និងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះបានចំណាយទាំងកម្លាំងកាយ-ចិត្ត ពេលវេលា ជាពិសេសមធ្យោបាយធនធានផ្ទាល់ខ្លួន ហើយសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ ក្រុមការងារត្រូវដណ្តើមជោគជ័យក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានត្រចៈត្រចង់លើសពីឆ្នាំ២០២២ទៀត។