(ភ្នំពេញ)៖ ស្រ្តីឈ្មោះ ជា មាលី ជាភ្នាក់ងាររបស់ Wing នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញមុខសុំទោសធនាគារវីងជាសាធារណៈ ក្រោយបង្ហោះសារបង្កឱ្យសាធារណជនមានការភាន់ច្រឡំ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
ស្ត្រីរូបនេះ ត្រូវបានធនាគារវីង បញ្ឈប់ពីភ្នាក់ងារវីង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ទៅតាមលក្ខខណ្ឌ ដោយសារប្រព្រឹត្តខុសពីកិច្ចសន្យាជាភ្នាក់ងារវីង និងគោលការណ៍ប្រតិបត្តិរបស់ភ្នាក់ងារវីង។ ក្រោយបញ្ឈប់នេះស្ត្រីខាងលើ បានបង្ហោះសារថា «ដូរមុខរបរថ្មីហើយរកស៊ីជាមួយវីងជាង១០ឆ្នាំខាតអស់ ៤០០០$ សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្ន»។
ស្រ្តីឈ្មោះ ជា មាលី បានរៀបរាប់ថា៖ «នាងខ្ញុំដឹងថា ការបង្ហោះសារនេះ ធ្វើឲ្យមានការភាន់ច្រលំពីសាធារណៈជន និងប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង។ ការបង្ហោះបែបនេះគឺដោយសារតែនាងខ្ញុំមានការអាក់អន់ស្រពន់ចិត្តនឹងធនាគារវីង ដែលបានបញ្ឈប់នាងខ្ញុំពីភ្នាក់ងារវីង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដោយមូលហេតុនាងខ្ញុំបានប្រព្រឹត្តខុសពីកិច្ចសន្យាជាភ្នាក់ងារវីង និងគោលការណ៍ប្រតិបត្តិរបស់ភ្នាក់ងារវីង»។
ស្រ្តីខាងលើ បានបន្តថា៖ «ដូច្នេះដើម្បីចៀសវាងការភ័ន្តច្រលំពីសំណាក់សាធារណៈជន នាងខ្ញុំបានលុបសារដែលបានបង្ហោះលើគណនីហ្វេសប៊ុករបស់នាងខ្ញុំខាងលើ និងសូមបញ្ជាក់ថាធនាគារវីង ពិតជាបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងគោលការណ៍របស់ធនាគារវីង ក្នុងការបញ្ឈប់នាងខ្ញុំពីភ្នាក់ងារវីងប្រាកដមែន»៕