(កូរ៉េ)៖ លោបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំប្រតិភូចូលរួមកម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រតិភូនៃរដ្ឋបាលគយនៃប្រទេសចំនួន ៧៥ព្រមទាំង អង្គការអន្តរជាតិ ផ្នែកឯកជន និងបណ្តាញអន្តរជាតិនៃសាកលវិទ្យាល័យគយ។
លោក YOON Tae-Sik អគ្គនាយកនៃរដ្ឋបាលគយកូរ៉េ បានសម្តែងមតិស្វាគមន៍ និងរំលេចថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណងចែករំលែកបទពិសោធន៍ ការអនុវត្តល្អនៃបច្ចេកវិទ្យាថ្មីៗ និងពិភាក្សាពីបញ្ហាប្រឈមរួមនៃសហគមន៍គយអន្តរជាតិ។
លោក HAN Duksoo នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា កម្មវិធីនេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃរដ្ឋបាលគយ ក្នុង ការចូលរួមផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងចែករំលែកចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងការកំណត់យុទ្ធសាស្រ្ត ដើម្បីជំរុញការអនុវត្តឌីជីថលគយ ឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងបរិយាកាសពាណិជ្ជកម្មអន្តរជាតិ ដែលបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
ជាមួយគ្នានេះលោក Kunio Mikuriya អគ្គលេខាធិការនៃអង្គការគយពិភពលោក ក៏បានថ្លែងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយកូរ៉េ និងគាំទ្រទាំងស្រុង ចំពោះការរៀបចំកម្មវិធីនេះឡើង។
កម្មវិធីសប្តាហ៍គយកូរ៉េ ឆ្នាំ២០២៣ បានដំណើរការតាមរបៀបវារៈចំនួន ៦ រួមមាន៖ (១) កិច្ចប្រជុំតុមូល កម្រិតថ្នាក់ដឹកនាំ (២) សិក្ខាសាលាចំនួន ៨ ដែលគ្របដណ្តប់លើការងារ៖ ក.កិច្ចសហប្រតិបត្តិការគយ និងឌីជីថល គយជាសាកល ខ. បច្ចេកវិទ្យាសម្រាប់នវានុវត្តន៍គយ គ.ទំនើបកម្មគយ ឃ.កិច្ចសម្រួលពាណិជ្ជកម្ម ង.ឧក្រិដ្ឋកម្ម ឆ្លងកាត់ព្រំដែនៈ ថ្នាំញៀន ច.ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែនៈ បញ្ហាផ្សេងទៀត ឆ.បញ្ហាប្រឈមនៃពាណិជ្ជកម្ម អេឡិចត្រូនិច និងជ.ការផ្លាស់ប្តូរព័ត៌មាន (៣) ពិពណ៌បច្ចេកវិទ្យាគយ (៤) វេទិកាបច្ចេកវិទ្យាគយដោយវិស័យឯកជន (៥) កិច្ចប្រជុំធុរកិច្ច និង(៦) ទស្សនកិច្ចសិក្សា។
ថ្នាក់ដឹកនាំនៃកិច្ចប្រជុំតុមូលបានឯកភាព និងអនុម័តសេចក្តីប្រកាស រួមស្តីពី «កិច្ចសហប្រតិបត្តិការគយ និងឌីជីថលគយជាសាកល» ហើយនៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពី «កិច្ចសហប្រតិបត្តិការគយ លើការបង្ក្រាបគ្រឿងញៀនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ផងដែរ។
ដោយឡែក នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយកូរ៉េ បានប្រជុំទ្វេភាគី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធ នឹងការងារគយ។
នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ ភាគីទាំងពីរបានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង រដ្ឋបាលគយទាំងពីរ ទាំងក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី និងគាំទ្រការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ព្រមទាំងឯកភាពគ្នារៀបចំសិក្ខាសាលាតាមរយៈ ប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយនីតិវិធីបំពេញបែបបទបញ្ចេញទំនិញពីគយ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគីរវាងប្រទេសទាំងពីរ ជូនវិស័យឯកជននាពេលឆាប់ៗខាងមុខ។
អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាយន្តការសម្រាប់បើកផ្លូវដល់ (១) ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត (២)ការចូលរួមចំណែក លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម (៣) ការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរ និងចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង (៤) ការពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេស ក្នុងការកសាង សមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕