(កំពង់ធំ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ព្រាប ដាវី សុកផេង បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃនៅវត្តព្រះពុទ្ធជិនរាជ ក្នុងពិធីបញ្ចុះខណ្ឌសីមា នៅភូមិក្បិល ឃុំ សានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
លោកបានលើកឡើងថា សមិទ្ធផលនានាកើតឡើងដោយសារតែ ការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយនិងជាការឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ហើយបានបង្ហាញនូវការគាំទ្ររបស់បងប្អូនចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
លោក សុក ផេង បានលើកឡើងថា រាល់សមិទ្ធផលដែលបានកសាង និងសមិទ្ធផលនានា កើតមានក្នុងវត្តអាស្រ័យមានសម្ដេចប្រមុខដឹកនាំល្អដូចជាសម្ដេចទាំង២ មានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាជនជានិច្ច។
លោកបានកោតសរសើរយ៉ាងក្រៃលែង ចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកផ្ដល់ វិភាគទានដល់ការកសាងសមិទ្ធផលឱ្យចេញជារូបរាងឡើងតាមគន្លងព្រះពុទ្ធសាសនា។ ក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត៕