(កំពង់ចាម)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំផ្អាវ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាព្រឹកថ្ងៃទី២៩ ខែមសា ឆ្នាំ២០២៣ បានដឹកនាំកិច្ចពិភាក្សាដោះស្រាយសំណូមពរ តម្រូវការ និងការបម្រើសេវាសាធារណៈជូនប្រជាជន នៅស្នាក់គណបក្សប្រជាជនកម្ពុជាឃុំផ្អាវ។

នាឱកាសនោះ លោក ហេង សួរ បានផ្ដោតលើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដូចជា សំបុត្រកំណើត សំបុត្រមរណភាព លិខិតអាពាហ៍ពិពាហ៍ ព្រមទាំងការធ្វើអំពើល្អជាមួយសមាជិកគណបក្ស ប្រជាពលរដ្ឋទូទៅ ដើម្បីសម្រួលដល់ការរស់នៅ ប្រកបមុខរបរ ការធ្វើដំណើរជូនប្រជាពលរដ្ឋ ទាក់ទាញបេះដូងសម្រាប់ការគាំទ្រ និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។

លោកប្រធានបានណែនាំឱ្យមេឃុំ ស្មៀន មេភូមិ គ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ត្រីមូលដ្ឋាននៅឃុំផ្អាវ ចំពោះការធ្វើសំបុត្រកំណើត ប្រសិនបើដឹងថាប្រជាពលរដ្ឋណាខ្លះត្រូវសម្រាលបុត្រ គឺត្រូវចុះទៅដល់មណ្ឌលសុខភាព ហើយរៀបចំធ្វើសំបុត្របញ្ជាក់កំណើតជូនភ្លាមៗ ត្រង់ចំណុចនេះ មន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពត្រូវសហការជាមួយមន្ត្រីឃុំ។ ចំពោះការធ្វើលិខិតមរណភាពវិញ ក៏ត្រូវចុះទៅដល់ខ្នងផ្ទះដែលមានអ្នកទទួលមរណភាព ដើម្បីធ្វើលិខិតមរណភាពជូនគ្រួសារនៃសពនោះ ពោលមិនចាំបាច់ឱ្យគាត់មកធ្វើនៅសាលាឃុំឡើយ។ សំបុត្រដែលចាំបាច់ទាំង២ប្រភេទនេះ នៅពេលធ្វើបានហើយ មិនគួរឱ្យប្រជាពលរដ្ឋទៅទទួលដល់សាលាឃុំនោះទេ គឺមន្ត្រីឃុំត្រូវជិះយកទៅប្រគល់ជូនប្រជាពលរដ្ឋសាមីផ្ទាល់ដៃ ឬដល់ខ្នងផ្ទះតែម្តង។

លោក ហេង សួរ បានដាក់ទិសដៅឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធខាងលើនេះ ត្រូវអនុវត្តការងារដ៏សំខាន់ទាំងនោះចាប់ពីថ្ងៃស្អែកតទៅ ពោលគឺត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈគ្រប់ប្រភេទជូនប្រជាជនឱ្យបានល្អបន្ថែមទៀត កុំឱ្យប្រជាជនមានការអាក់អន់ចិត្តឱ្យសោះ ទោះបីមិនមែនជាសមាជិកបក្សក៏ដោយ។

លោកបានលើកជាយោបល់បន្ថែមថា រាល់ពេលជួបជាមួយប្រជាជន ឬពេលយកលិខិតទៅជូនប្រជាជន មន្ត្រីអនុវត្តត្រូវចេះគួរសមទន់ភ្លន់ដាក់ប្រជាពលរដ្ឋ ឆ្លៀតសួរសុខទុក្ខ និងជូនពរប្រជាពលរដ្ឋជាដើម នោះប្រជាពលរដ្ឋនឹងកាន់តែគោរពស្រឡាញ់មកកាន់មន្ត្រីអាជ្ញាធរមូលដ្ឋាន ហើយគាំទ្រគណបក្សប្រជាជនកម្ពុជាថែមទៀត។ នោះហើយជាគោលដៅដែលគណបក្សចង់ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋទូទៅ៕