(ភ្នំពេញ)៖ ក្នុងគោលបំណងបង្ហាញពីប្រធានបទ សម្រាប់ធ្វើការស្រាវជ្រាវ នវានុវត្តន៍ និងការបណ្តុះគំនិតសហគ្រិនភាព ដល់សិស្សនិស្សិត និងដើម្បីឱ្យនិសិ្សតចេះបង្កើតគំនិតអាជីវកម្មថ្មីនាពេលអនាគត សាកលវិទ្យាល័យខេមតិច នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានរៀបចំធ្វើបទបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ ក្រោមប្រធានបទ៖ កសាងអនាគតប្រកបដោយនវានុវត្តន៍ថ្ងៃនេះ នឹងបានរៀបចំឡើងនៅបរិវេណសាកលវិទ្យាល័យខេមតិច នឹងដោយមានការចូលរួមពីសិស្ស និស្សិតជាច្រើនផងដែរ។
ការរៀបចំបទបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ នេះបានធ្វើឡើងបន្ទាប់ពីការចុះអនុស្សារណៈយោគយល់រវាងសាកលវិទ្យាល័យខេមតិច ជាមួយសហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» កាលពីពេលកន្លងទៅនេះ និងបានផ្សព្វផ្សាយពីគម្រោងបណ្តុះបណ្តាលធុរកិច្ចថ្មីនេះតាមបណ្តាសារព័ត៌ជាច្រើន រហូតទទួលបានបេក្ខនារី និងបេក្ខជនចំនួនប្រមាណ ១២០នាក់ដែលមានចំណាប់អារម្មណ៍ក្នុងកម្មវិធីនេះ។
កម្មវិធីបណ្តុះបណ្តាលនេះនឹងធ្វើឡើងរយៈពេល៤ខែ សម្រាប់ការរៀនអភិវឌ្ឍគំនិតថ្មីៗទាក់ទងនិងបច្ចេកវិទ្យា ផែនការអាជីវកម្ម និងពង្រឹងជំនាញសហគ្រិនភាពរហូតដល់ការប្រកួតយកជ័យលាភីផងដែរ។
គោលបំណងសំខាន់នៃការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍នេះគឺ៖ ១)ផ្តល់ជាថវិកាសម្រាប់ការគាំទ្រដល់ចាប់ផ្តើមបង្កើតគំនិតធុរកិច្ចថ្មី និងជំរុញឱ្យគំនិតធុរកិច្ចថ្មីនេះក្លាយជាក្រុមហ៊ុន/អាជីវកម្មផ្នែកបច្ចេកវិទ្យានាពេលអនាគត។ ២) ផ្តល់វគ្គបណ្តុះបណ្តាលធុរកិច្ចដល់និសិ្សតដែលចាប់ផ្តើមអាជីវកម្មបង្កើតគំរូធុរកិច្ចថ្មី។ ៣) ជំរុញនិងបង្កើនបន្ថែមនូវប្រព័ន្ធធុរកិច្ចថ្មីនៅកម្ពុជា។
សម្រាប់ការប្រកួតនេះជ័យលាភីទី១ នឹងទទួលបាន ៣៥០០ដុល្លាអាមេរិក ជ័យលាភីទី២នឹងទទួលបាន២៥០០ដុល្លាអាមេរិក ជ័យលាភីទី៣នឹងទទួលបាន ២០០០ដុល្លាអាមេរិកជ័យលាភីចំនួន៧ក្រុម ដែលបានឆ្លងមកវគ្គផ្តាច់ព្រ័ត្រនឹងទទួលបាន១០០០ដុល្លារអាមេរិច។
ការបរិច្ឆេទការទទួលពាក្យ និងវគ្គបណ្តុះបណ្តាលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឈប់ទទួលសំណើរ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រកាសលទ្ធផលក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ ថ្ងៃទី០៩ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៣ កម្មវិធីបណ្តុះបណ្តាលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឈប់ទទួលសំណើរវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ៕