(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន និង លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ បានចាត់ទុកថា ដីការសម្រេចដាក់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពុំមានអ្វីខុសនឹងនីតិវិធី ឬរំលោភអភ័យឯកសិទ្ធិតំណាងរាស្រ្តនោះទេ។ លោក ឈាង វុន បានជំទាស់នូវសេចក្តីថ្លែងការណ៍របស់ CNRP ដែលចោទដីកាសម្រេចនេះ ថាជារឿងនយោបាយ។
លោក ឈាង វុន បានលើកឡើងថា «ខ្ញុំគិតថា តុលាការមិនបានរំលោភលើអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តនោះទេ ឯកឧត្តម កឹម សុខា ខ្លួនឯងជាអ្នកបង្កើតបញ្ហាខ្លួនឯង បើសិនជាគាត់ចូលខ្លួនទៅតាម ការអញ្ជើញរបស់តុលាការ ដើម្បីធ្វើជាសាក្សី នោះវាមិនមានបញ្ហានេះកើតឡើងទេ ដូច្នេះតុលាការគេមានសិទ្ធិ អត់មានខុសអ្វីនឹងរដ្ឋធម្មនុញ្ញអីទេ ព្រោះកាលណាគេចោទប្រកាន់ហើយ ឬគេបានធ្វើការងារតាមផ្លូវតុលាការសម្រាប់បុគ្គលណាម្នាក់ តុលាការមានសិទ្ធិឃាត់មិនឱ្យជននោះទៅណាផ្តេសផ្តាស់ ព្រោះគេខ្លាចយើងរត់ដែរ»។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង នាថ្មីៗនេះ បានចេញដីកាដាក់លោក កឹម សុខា នៅក្រោមការត្រួតពិនិត្យរបស់សមត្ថកិច្ច ពាក់ព័ន្ធនឹងបទល្មើស «មិនចូលខ្លួនតាមដីកាតុលាការក្នុងនាមជាសាក្សី»។ តុលាការក៏បានហាមប្រាមដល់ លោក កឹម សុខា មិនឱ្យចាកចេញពីប្រទេសកម្ពុជានោះទេ។
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញ គឺជាការរំលោភសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្រ្ត។ សេចក្តីថ្លែងការណ៍នោះ បានលើកឡើងថា «ការសម្រេចរបស់តុលាការដែលដាក់ឲ្យឯកឧត្តម កឹម សុខា ជាអ្នកតំណាងរាស្រ្តមានអភ័យឯកសិទ្ធិសភា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ គឺជាការរំលោភសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្រ្ត និងជាការរំលោភម្តងហើយម្តងទៀតទៅលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលនូវការចោទប្រកាន់របស់ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ។ លោកថា ដីការសម្រេចនេះ ត្រូវបានធ្វើឡើងត្រឹមត្រូវតាមនីតិវិធីរបស់តុលាការ។
លោកថា «តុលាការបានអនុវត្តយ៉ាងត្រឹមត្រូវតាមវីធាននិតិវិធី និងមានមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់នៅក្នុងចំណាត់ការរឿងក្តី និងការសម្រេចដាក់អោយជាប់កាតព្វកិច្ច ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការទៅលើ លោក កឹម សុខា ដែលជាជនត្រូវចោទ»។
លោក កឹម សុខា បានបដិសេធមិនចូលខ្លួនក្នុងនាមជាសាក្សីនៃសំណុំរឿង សញ្ចារកម្ម តាមការកោះហៅ របស់សាលាដំបូងរាជធានីភ្នំពេញ ចំនួន២លើក ដោយសំអាងថា ខ្លួនមានអភ័យឯកសិទ្ធិតំណាងរាស្រ្ត ដែលធ្វើឱ្យតុលាការរកឃើញនូវបទល្មើសថ្មីមួយ នៅក្នុងមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។ តុលាការបានចាត់ទុកថា ការអវត្តមាន ក្នុងការចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី របស់ លោក កឹម សុខា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦នោះ គឺជាបទល្មើសជាក់ស្តែង៕