(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី រោងចក្រវាយភ័ណ្ឌ មេតថេត ជិត ៣,០០០នាក់ ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្ថិតក្នុងឱកាសនោះ ក្រៅពីការជួបជុំសំណេះសំណាល របស់លោកអភិបាលខេត្ត និងកម្មករ កម្មការិនីប្រកបដោយភាពសប្បាយរីករាយ លោក អ៊ុន ចាន់ដា ក៏បានរំលឹកផងដែរថា នៅបរិវេណតាមដងផ្លូវមុខរោងចក្រ កន្លងទៅមានទឹកលិចក្នុងរដូវវស្សា ដែលប្រការនេះធ្វើឱ្យបងប្អូនកម្មករ កម្មការិនីលំបាកក្នុងការធ្វើដំណើរ។ ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរខេត្ត រួមជាមួយអាជ្ញាធរស្រុកកំពង់សៀម បានរៀបចំធ្វើប្រព័ន្ធលូបង្ហូរទឹករួចរាល់ហើយ។
លោកអភិបាលខេត្ត បានឱ្យដឹងថា ផ្លូវមួយខ្សែកាត់តាមភូមិប្រសំ ត្រូវបានស្ថាបនាជាផ្លូវក្រាលកៅស៊ូប្រភេទ DBST រួចហើយដឺរ សម្រាប់សម្រួលដល់ការដឹកជញ្ជូន បងប្អូនកម្មករ កម្មការិនី ចូល និងចេញពីធ្វើការ។
លោកអភិបាលខេត្តបានរំលឹកថា ផ្លូវមួយខ្សែខាងលើនេះពីមុនជាប្រភេទផ្លូវដីសរ ថ្មភ្នំ និងមានគ្រលុកច្រើន ដែលកាលនោះ លោក បានជួបប្រទះឃើញរថយន្តដឹកជញ្ជូនកម្មករ កម្មការិនីពេញៗ តោងឈរផង មានសភាពលំបាកក្នុងការធ្វើដំណើរ។ បន្ទាប់ពីបានជួបប្រទះដូច្នោះ ទើបលោកអភិបាលខេត្តបានសម្រេចស្ថាបនាផ្លូវមួយខ្សែនោះ ជាផ្លូវក្រាលកៅស៊ូប្រភេទ DBST តែម្ដង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី ដើម្បីបញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ណាមួយ ដោយយថាហេតុ។
ទន្ទឹមនឹងនោះដែរ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ ពិនិត្យ និងធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់គុណភាពជីវិត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត និងបំពេញការងារទទួលបានប្រាក់ចំណូលសមរម្យ ដែលអាចធានាបានក្នុងការផ្គត់ផ្គង់ជីវភាព គួបផ្សំការអភិវឌ្ឍក្នុងមូលដ្ឋាន ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ៕