(ភ្នំពេញ)៖ កម្ពុជាតាមរយៈតំណាងក្រសួងការបរទេសថៃ បានស្នើឱ្យភាគីថៃ បញ្ឈប់ការដាក់ខ្នោះច្រវ៉ាក់ចំពោះពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ ដើម្បីធ្វើការងារនៅប្រទេសថៃតទៅទៀត ដោយសារតែពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។

សំណើរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ​បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ បានចាប់ខ្លួនពលករខ្មែរ១៤នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅធ្វើការងារនៅក្នុងប្រទេសថៃ នៅខេត្តសាមុតប្រាកាន។

លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ បានទាក់ទងអាជ្ញាធរថៃ និងចុះជួបផ្ទាល់ជាមួយពលករខ្មែរខាងលើ នៅតំបន់ណាត្រាត ខេត្តសាមុតប្រាកាន ហើយបានអន្តរាគមន៍ដើម្បីឱ្យធ្វើមាតុភូមិនិវត្តន៍ផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ទៀតថា «នៅពេលបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅទីក្រុងបាងកក ពលករទាំងនោះត្រូវបានអាជ្ញាធរថៃ ដាក់ខ្នោះច្រវ៉ាក់ ដោយសារខ្លាចរត់គេចខ្លួន ហើយពួកគាត់ត្រូវបានអាជ្ញាធរថៃដោះខ្នោះច្រវ៉ាក់ចេញវិញ ពេលដល់នៅមន្ទីរឃុំឃាំងបាងកែវ(ទីក្រុងបាងកក)។ តាមការសម្របសម្រួល និងចរចារបស់ស្ថានទូតកម្ពុជា អាជ្ញាធរថៃនឹងបញ្ជូនពលករខាងលើត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយការសួរនាំ និងបំពេញសំណុំឯកសារ ចប់សព្វគ្រប់»

លោកបានបន្តថា «បន្ថែមលើនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ បានលើកសំណើទៅកាន់ក្រសួងការបរទេសថៃផងដែរ ដើម្បីស្នើសុំឱ្យជួយសម្របសម្រួលជាមួយតម្រួតអន្តោប្រវេសន៍ថៃបន្ថែមទៀត សំដៅជួយពន្លឿនការដោះលែងពលករទាំង ១៤នាក់ខាងលើ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមកុំដាក់ខ្នោះច្រវ៉ាក់បែបនេះទៀត ចំពោះពលករខ្មែរដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះពួកគាត់មិនមែនជាឧក្រិដ្ឋជនទេ។ ជាការឆ្លើយតបតំណាងក្រសួងការបរទេសថៃ បានសន្យាថា នឹងពាំនាំសំណើរបស់ស្ថានទូតកម្ពុជា ជម្រាបជូនតម្រួតអន្តោប្រវេសន៍ថៃ»

អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ក៏ដូចជាស្ថានអគ្គកុងស៊ុលកម្ពុជា នៅខេត្តសាកែវ តែងតែណែនាំដល់ពលករខ្មែរទាំងអស់ ឱ្យចូលទៅធ្វើការនៅក្នុងប្រទេសថៃ ដោយស្របច្បាប់ ដើម្បីចៀសវាងនូវផលវិបាកនានា៕