(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ​បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ និងវឌ្ឍនភាព នៃការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។

លោក ងួន រតន: បានថ្លែងថា សម្រាប់ការសាងសងព្រះពន្លាជ័យ ទីតាំងសម្រាប់ការរៀបចំស្តង់ពិព័រណ៌ ផលិតផលរបស់បណ្តាក្រសួងពាក់ព័ន្ធ និងស្ថានប័ន មន្ទីរស្រុករបស់ខេត្តកំពង់ធំ ក៏ដូចជាការរៀបចំទីកន្លែង សម្រាប់មហាជន ប្រជារាស្ត្រ ចូលរួមអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដ៏ឧត្តុងឧត្តមនេះ។

លោកបានផ្តល់ជាមតិយោបល់ណែនាំដល់គ្រប់អ្នកពាក់ព័ន្ធ គប្បីយកចិត្តទុកដាក់ក្នុងស្មារតី សាមគ្គីភាព ឯកភាពគ្នា និងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តន៍នូវរាល់ភារកិច្ចជំនាញគ្រប់ផ្នែកទាំងអស់ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់ ពិធីការ ការរៀបចំវេទិកាស្តង់ពិពណ៌ផលិតផលកសិកម្មរបស់ក្រសួងពាក់ព័ន្ធ មន្ទីរនិងតាមបណ្តាស្រុកក្រោមឱវាទរបស់ខេត្តកំពង់ធំ និងកិច្ចការសំខាន់ៗមួយចំនួនទៀតឲ្យសម្រេច ទទួលបានលទ្ធផលយ៉ាងល្អ ប្រសើរបំផុត។

អង្គប្រជុំបានពិគ្រោះពិភាក្សាក្នុងស្មារតីយកចិត្តទុកខ្ពស់ គោរពទៅតាមគោលការណែនាំដ៏វិសេសវិសាល សំដៅធ្វើយ៉ាងណាឲ្យភារកិច្ចជំនាញ នីមួយៗសម្រេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដើម្បីត្រៀមលក្ខណៈរៀបចំ ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល នៅក្នុងខេត្តកំពង់ធំ ដែលប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកបទៅដោយសភាពដ៏មហោឡារឹកអធឹកអធមបំផុត ដើម្បីនាំមកនូវមង្គលវប្បកម្មដ៏ប្រសើរក្នុងរបរកសិកម្មស្រែចំការ របស់កសិករកម្ពុជានៅទូទាំងកម្ពុជា ទទួលបាននូវភោគផលដ៏សម្បូរហូរហៀរក្នុងឆ្នាំក្រោយនេះ។

សូមបញ្ជាក់ថា ការរៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លគឺប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ពហុកីឡដ្ឋានខេត្តកំពង់ធំ ស្ថិតក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ៕