(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាតំណាងឱ្យអត្តពលិកកម្ពុជា ទទួលព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ពិធីទទួលព្រះអគ្គីជ័យកីឡានេះ ក៏មានការចូលរួមពី លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារ និងគ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាជាច្រើនរូប។
ក្នុងឱកាសនោះ លោលរដ្ឋមន្ត្រី បានទទួលព្រះអគ្គីជ័យកីឡាពីចំណុចវត្តលង្កា រួចកាន់ដង្ហែបន្ត ដោយរត់ថ្មើរជើងឆ្ពោះទៅកាន់ទីស្ដីការក្រសួងអប់រំ យុវជននិងកីឡា ហើយត្រូវបានទទួលដង្ហែរបន្តដោយ លោល ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។
សូមជម្រាបជូនថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា សប្តាហ៍ក្រោយនេះ៕