(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា មន្ត្រីដែនដីត្រូវធ្វើប្លង់ដីលក្ខណ:ជាប្រព័ន្ធជូនពលរដ្ឋឲ្យបានលឿនរហ័សតាមការគ្រោងទុក ជាពិសេសរាល់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដោយមិនត្រូវទារលុយកាក់ពីពួកគាត់ជាដាច់ខាត ហើយអាជ្ញាធរស្រុកត្រូវចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះឲ្យបានលឿន ហាមកោសរូស កិចកុកជាដើម បើដឹងរឿង មានបញ្ហាមិនខានឡើយ។
លោកអភិបាលខេត្តបានថ្លែងបែបនេះ នៅក្នុងពិធីចែកប័ណ្ណក្មម្មសិទ្ធិដីធ្លី (ប្លង់រឹង) ចំនួន៩៧៥ប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រធាតុក ឃុំព្រែកស្ដី ស្រុកកោះធំ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។
លោកអភិបាលខេត្តថ្លែងថា «ការចែកប្លង់រឹងនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ»។
លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំ បានឲ្យដឹងថា ស្រុកបានត្រៀមប្រកាសតំបន់វិនិច្ឆ័យក្នុងយុទ្ធនាការ វគ្គ២ចំនួន០៩ឃុំទៀតនាពេលខាងមុខនេះ រួមមាន៖ ឃុំឈើខ្មៅ, ឃុំជ្រោយតាកែវ, ឃុំកំពង់កុង, ឃុំកោះធំ“ក”, ឃុំកោះធំ “ខ”, ឃុំលើកដែក, ឃុំពោធិបាន, ឃុំព្រែកជ្រៃ និងឃុំព្រែកថ្មី។
លោក សុខ កាន់ណារិទ្ធិ ប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត បានថ្លែងថា ក្រុមការងារបានធ្វើការលើរឿងនេះបានសម្រេចច្រើនហើយ និងនៅតែបន្តពន្លឿនការងារនេះជូនពលរដ្ឋឲ្យបានឆាប់រហ័ស តាមការគ្រោងទុក៕