(ស្វាយរៀង)៖ សម្តេច ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ចំនួន ២.០០០នាក់ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៣ ខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព មុខរបរ និងការងារ» នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ សម្តេចបានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរ យកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសដល់បងប្អូន កម្មករកម្មការិនីដែលបម្រើនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមក្នុងព្រឹកនេះ។

សម្តេចបានបន្តទៀតថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រែក្លាយ ប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ និងបានអនុញ្ញាតឲ្យកម្ពុជាអាចរៀបចំព្រឹត្តិការស៊ីហ្គេម ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំ អស់រយៈពេល៦៤ឆ្នាំមកហើយ ក្រោមម្លប់នៃសុខសន្តិភាព»

សម្តេចក៏បានផ្តាំផ្ញើអ្នកចូលរួមក្នុងពិធីទាំងអស់ត្រូវធ្វើកិច្ចការមួយចំនួនរួមមាន៖

*ទី១៖ ចូលរួមចំណែកថែរក្សាសុខសន្តិភាព ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ
*ទី២៖ និយោជកត្រូវគោរពច្បាប់ការងារ គោរពពេលវេលា ចំណែកឯនិយោជិតមិនត្រូវបង្កបញ្ហានៅក្នុងរោងចក្រនោះទេ
*ទី៣៖ សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតទាំងអស់ ដើម្បីរក្សាការងារ និងរួមចំណែកដល់ការអភិវឌ្ឍន៍។ សម្រាប់អ្នកចូលរួមចំនួន ២.០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា៤ម៉ឺនរៀល៕