(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តដល់អ្នកសារព័ត៌មាននៅតាមដងទន្លេមេគង្គ ផ្សព្វផ្សាយជាភាសាជាតិរៀងៗខ្លួន ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់គ្រាន់ជាពិសេសពាក់ព័ន្ធនឹងបរិស្ថាន គុណភាពទឹក និងសក្តានុពលធម្មជាតិនៃតំបន់មេគង្គទាំងមូល។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងឱកាសលោកបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គ លើកទី២ ក្រោមប្រធានបទ «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់ទន្លេមេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព» ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកជំនាញប្រមាណ៥០នាក់ មកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ចិន និងអូស្ត្រាលី។

បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានថ្លែងថា តាមសិក្ខាសាលានេះ ចំណុចសំខាន់គឺចង់ឱ្យអ្នកសារព័ត៌មាននៅតាមដងទន្លេមរគង្គទាំង៦ប្រទេស បានយល់ដឹងថាអ្វីជាប្រព័ន្ធនយោបាយ ការបោះឆ្នោត ប្រជាធិបតេយ្យ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រនៃបណ្តាប្រទេសតំបន់មេគង្គ។

លោកបណ្ឌិត បានបន្តថា តាមរយៈការចេញផ្សាយអត្ថបទព័ត៌មាន របស់អ្នកសារព័ត៌មានដែលបានយល់ច្បាស់ពីតំបន់ទន្លេមេគង្គ នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងតំបន់ដែលទទួលបានព័ត៌មាន គឺអាចមានមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ។

លោកបណ្ឌិត គិន ភា ក៏បានលើកឡើងថា៖ «មែនទែន គឺយើងអត់ទាន់មានការសិក្សាស្រាវជ្រាវកម្រិតវិទ្យាសាស្ត្រនៅឡើយទេ ក៏ប៉ុន្តែ ជាការកត់សម្គាល់របស់ខ្ញុំ ខ្ញុំគិតថាប្រជាពលរដ្ឋនៅតាមតំបន់មេគង្គ ប្រហែលជាទទួលព័ត៌មានពាក់ព័ន្ធនឹងទន្លេរបស់យើងនៅមានកម្រិតតិចតួចនៅឡើយ ហើយប្រសិនបើយើងចង់ដឹង យើងអាចសាកល្បងស្វែងរកព័ត៌មានអំពីតំបន់ទន្លេមេគង្គ តាមរយៈប្រព័ន្ធអ៉ីធឺណែត ក៏ឃើញថានៅមានកម្រិត ហើយជាពិសេសភាគច្រើនព័ត៌មានគេផ្សាយជាភាសាបរទេស (អង់គ្លេស, បារាំង និងភាសាផ្សេងៗទៀត) ដែលប្រជាជននៅតំបន់មេគង្គ ដែលគាត់ប្រើភាសាជាតិរបស់គាត់នឹងពិបាកទទួលព័ត៌មាន អ៊ឹចឹងនៅក្នុងសិក្ខាសាលាយើងលើកទឹកចិត្តឱ្យអ្នកសារពព័ត៌មាននៅតំបន់មេគង្គ ជំរុញការផ្សព្វផ្សាយជាភាសាជាតិរបស់ខ្លួន បើសិនជាមានអត្ថបទល្អពាក់ព័ន្ធនឹងតំបន់មេគង្គ បកប្រែជាភាសាជាតិរៀងៗខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋគាត់បានទទួលព័ត៌មានគ្រប់គ្រាន់ពីតំបន់មេគង្គរបស់យើង»។

លោកបណ្ឌិត គិន ភា បានបង្ហាញក្តីរំពឹងថា តាមរយៈសិក្ខាសាលានេះនឹងធ្វើឱ្យអ្នកសារព័ត៌មាននៅតាមដងទន្លេមេគង្គ ទទួលបានចំណេះដឹង និងយល់ដឹងប្រសើរជាងមុនពាក់ព័ន្ធនឹងប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យ ការគ្រប់គ្រងរដ្ឋនៅតំបន់មេគង្គ សេដ្ឋកិច្ច វប្បធម៌ និងសក្តានុពលធនធានធម្មជាតិ នៃតំបន់មេគង្គ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត គិន ភា បានបង្ហាញក្តីសង្ឃឹមថាអ្នកសារព័ត៌មាននៅតំបន់មេគង្គ នឹងបង្កើតបណ្តាញទំនាក់ទំនងគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកព័ត៌មានគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមដងមេគង្គទទួលបានព័ត៌មានកាន់ច្បាស់ពីតំបន់របស់ខ្លួនជាដើម។

ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះ មានប្រវែងប្រហែល ៤,៩០០គីឡូម៉ែត្រ ដែលហូរចេញពីប្រភពរបស់វានៅលើខ្ពង់រាបទីបេ ក្នុងប្រទេសចិន កាត់តាមប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម តាមរយៈដីសណ្ដដ៏ធំចូលទៅក្នុងសមុទ្ទ។

តំបន់ដែលទន្លេហូរកាត់ត្រូវបានគេហៅថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ឬជាមហាអនុតំបន់ ទន្លេមេគង្គ ដែលលាតសន្ធឹងលើប្រទេសចំនួន៦ គឺប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ វាជាតំបន់អន្តរប្រទេសនៃអាងទន្លេមេគង្គដែលមានប្រជាជនជាង ៣០០លាននាក់។ មហាទន្លេមេគង្គ មានធនធានធម្មជាតិ និងវប្បធម៌ដែលមិនអាចជំនួសបាន ហើយត្រូវបានចាត់ទុកថាជាតំបន់សម្បូរជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះ គឺជាកន្លែងផ្គត់ផ្គង់អាហារដ៏សំខាន់ផងដែរ៕