(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) សមាជិក គធ.ខប ដែលជាប្រធានផ្នែកសេវាកម្មច្បាប់ វិវាទកម្ម និងសន្តិសុខបោះឆ្នោត ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

គ.ជ.ប បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២ និងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការ គ.ជ.ប ក្នុងនោះ៖

*នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ឯកឧត្ដម ទេព នីថា អគ្គលេខាធិការ គ.ជ.ប អញ្ជើញមានមតិបើកវគ្គបណ្ដុះបណ្ដាល
*នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០នាទី លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប អញ្ជើញជាអធិបតីដើម្បីមានមតិណែនាំ និងបិទវគ្គបណ្ដុះបណ្ដាល៕