(ឡុងដ៍)៖ បន្ទាប់ពីការឡើងកាន់តំណែងថ្មីជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសនោះ លោកស្រី Theresa May បានទទួលការស្វាគមន៍ និងអបអរពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូចជាអាមេរិក, អាស៊ី, និង នៅអឺរ៉ុបខ្លួនឯងផ្ទាល់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៦។
មេដឹកនាំ ចិន, អាមេរិក, អាល្លឺម៉ង់, អូស្ត្រាលី, នូវែលសេឡង់ និងបណ្តាប្រទេសជាច្រើនបន្តបន្ទាប់ទៀត បានសម្តែងការ ស្វាគមន៍នឹងរំពឹងថានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីរូបនេះ នឹងដឹកនាំចក្រភពអង់គ្លេសដែលទើបបោះឆ្នោតចាកចេញពីអឺរ៉ុប ប្រកបដោយជោគជ័យ និងនៅតែរក្សាទំនាក់ទំនងយ៉ាងណាល្អជាមួយបណ្តាប្រទេសទាំងនេះ។ លោកនាយករដ្ឋ មន្ត្រីអង់គ្លេស ចន ឃី បានថ្លែងថា «អង់គ្លេស និងនូវែលសេឡង់នៅតែជាមិត្តជិតស្និទ្ធនឹងគ្នាបំផុត ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរលើគ្រប់វិស័យនឹងនៅតែរឹងមំាជានិច្ចផងដែរ»។
នៅក្នុងនោះដែរលោកស្រី អេនជេឡា ម៉ាគែល អធិការបតីអាល្លឺម៉ង់ បានថ្លែងថាលោកស្រីស្វាគមន៍ចំពោះវត្តមានលោក ស្រី Theresa May ជានាយករដ្ឋមន្ត្រីអង់គ្លេសពេលនេះ បន្តពីលោក Devid Cameron ដែលទើបលាលែងជាផ្លូវការ កាលពីថ្ងៃពុធម្សិលមិញ ហើយស្ត្រីមានឥទ្ធិពលលេខ១នៅលើសកលលោករូបនេះក៏បានអញ្ជើញលោកស្រី May មកបំពេញទស្សនកិច្ចនៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ផងដែរ។
គួរបញ្ជាក់ថា ស្ត្រីជាមេដឹកនាំអង់គ្លេសថ្មីដែលមិនមានបុត្រម្នាក់សោះនេះ នឹងធ្វើការរៀបចំគណរដ្ឋមន្ត្រីឡើងវិញ ដើម្បីចាប់ផ្តើមដំណើរការដឹកនាំអង់គ្លេសបន្តទៅមុខ ក្នុងនោះមន្ត្រីសំខាន់ៗមួយចំនួនត្រូវបានតែងតាំងរួចមកហើយ ដូចជាលោក Boris Johnson ជារដ្ឋមន្ត្រីការបរទេស, លោក Philip Hammnod ជារដ្ឋមន្ត្រីរតនាគារជាតិ, លោក Amber Rudd រដ្ឋមន្ត្រីមហាផ្ទៃ ឬកិច្ចការផ្ទៃក្នុងចក្រភព, និងលោក David Davis ជារដ្ឋមន្ត្រីទទួលបន្ទុកដោះស្រាយ ក្នុងការនាំចក្រអង់គ្លេសចាកចេញដោយសម្រួលពីសហភាពអឺរ៉ុប៕