(ភ្នំពេញ)៖ នៅរសៀលថ្ងៃ ២៨ ខែមេសា ឆ្នាំ២០២៣ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងញាតិមិត្តជិតឆ្ងាយ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសក ចាន់ ជី ដែលត្រូវជាឪពុកចិញ្ចឹមរបស់លោករដ្ឋមន្រ្តី ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ៧កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធរួចមក លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងមុខងារសាធារណៈ ព្រមទាំងក្រុមញាតិគ្រួសារនៃសពបានចូលរួមបុណ្យសពតាមកិច្ចនៃប្រពៃណីព្រះពុទ្ធសាសនា រួចបានប្រារព្ធពិធីដង្ហែដោយថ្មើរជើងចេញពីគេហដ្ឋាននៅក្នុងបុរីហាយតិច សង្កាត់និរោធ ខណ្ឌច្បារអំពៅ រហូតទៅដល់ឈាបនដ្ឋាន ស្ថិតនៅក្នុងវត្តនិរោធរង្សី ក្រុងភ្នំពេញ។

ក្នុងពិធីឈាបនកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនាដែលមានព្រះចៅអធិការវត្ត និងលោករដ្ឋមន្រ្តី ព្រុំ សុខា បានប្រទានភ្លើងបូជាសពឧបាសក ចាន់ ជី ក៏មានវត្តមានលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាចូលរួមផងដែរ។

មរណភាពរបស់ឧបាសក ចាន់ ជី គឺជាការបាត់បង់ ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់យ៉ាងធំធេងនូវកម្ពុជបុត្រល្អ ជាគ្រូបង្រៀនមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមចំណែកកសាងគុណធម៍វិជ្ជាជីវ: បុគ្គលិកសិក្សាសម្រាប់សង្គមជាតិ៕