(ភ្នំពេញ)៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានស្នើឲ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជួយដល់ការបណ្តុះបណ្តាលមន្ត្រីផ្នែកត្រួតពិនិត្យធនាគាររបស់កម្ពុជា ដើម្បីអាចមានចំណេះជំនាញ កាន់តែប្រសើរឡើងថែមទៀត។
ការស្នើរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសដែលលោកបានអនុញ្ញាតឲ្យ អនុប្រធាននាយកដ្ឋានមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក លោក Markus. Rodlauer ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកមកកាន់កម្ពុជា ដើម្បីតាមដាន និងពិនិត្យពីសុខភាពសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
មូលនិធិរូបិយវត្ថុអន្តរជាតិ គឺតែងតែមកពិនិត្យសុខភាពសេដ្ឋកិច្ចកម្ពុជា រៀងរាល់មួយឆ្នាំម្ដង ក្នុងនោះបានផ្ដោតជាសំខាន់ គឺស្វែងយល់ពីស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចនិងវិស័យហិរញ្ញវត្ថុ។
នៅក្នុងឱកាសនោះ លោក ជា ចាន់តូ បានស្នើដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ឲ្យជួយបណ្ដុះបណ្ដាលសមត្ថភាព ដល់មន្រ្តីផ្នែកត្រួតពិនិត្យរបស់ខ្លួន ដើម្បីធានានូវភាពធន់ នៃហានិភ័យពីមជ្ឈដ្ឋានខាងក្រៅ។
នៅក្នុងបញ្ហានេះលោក ជា ចាន់តូ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ សម្រាប់វិស័យធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បានបំពេញភារៈរបស់ខ្លួន យ៉ាងសកម្មដើម្បីធ្វើឲ្យមានភាពរីកចម្រើន និងរឹងមាំប្រកបដោយស្ថេរភាព នៃវិស័យសេដ្ឋកិច្ចតាមរយៈការបង្កើតបរិយាបន័ហិរញ្ញវត្ថុ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ សម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច ដែលបានរំពឹងទុកក្នុងចន្លោះ៧,១% នៅឆ្នាំ២០១៦នេះ។
លោកទេសាភិបាល បានបញ្ជាក់ទៀថា ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ ទាន់ពេលវេលាមួយបន្ថែមទៀត គឺវិធានការម៉ាក្រូប្រុងប្រយ័ត្ន ដែលជាវិធានការមួយ ដើម្បីធានាឲ្យវិស័យធនាគារ មានដំណើរល្អប្រសើរសម្រាប់គ្រប់គ្រងហានិភ័យនានា ពិសេសហានិភ័យពីខាងក្រៅ ដើម្បីធានាឲ្យវិស័យធនាគារបំពេញតួនាទីរបស់ខ្លួន ក្នុងការបែងចែកធនធានហិរញ្ញវត្ថុ ក៏ដូចប្រពន្ធ័ទូទាត់ផ្សេងៗឲ្យដំណើរការបានល្អ។
លទ្ធផលដ៏ល្អនៃកំណើនសេដ្ឋកិច្ចកម្ពុជានេះ ត្រូវបានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកថ្លែងនូវការសាទរ និងបានចាត់ទុកលទ្ធផល នៃកំណើនសេដ្ឋកិច្ចដែលកម្ពុជា សម្រេចបាននេះថា ជាការបញ្ជាក់ឲ្យឃើញច្បាស់ថា សេដ្ឋកិច្ចកម្ពុជាពិតជាមានភាពសុខភាល្អ និងរឹងមាំដដែលទោះបីជាទទួលហានិភ័យខ្លះៗ ពីខាងក្រៅក៏ដោយ។
លោក Markus. Rodlauer នូវបានឲ្យដឹងផងដែរថា នៅ២សប្តាហ៏ខាងមុខនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ នឹងដាក់របាយការណ៍ដែលខ្លួន ប្រមូលបានក្នុងការពិនិត្យលើសុខភាពសេដ្ឋកិច្ចកម្ពុជា មកធ្វើការពិភាក្សាជាមួយធនាគារជាតិ នៃកម្ពុជា បន្តទៀត។
ដោយឡែកទាក់ទងទៅនឹងការស្នើសុំ របស់ធនាគារជាតិនៃកម្ពុជាឲ្យជួយ លើការបណ្ដុះបណ្ដាលមន្រ្តីផ្នែកត្រួតពិនិត្យ សម្រាប់ពង្រឹងស្ថេរភាពហិរញ្ញវត្ថុ និងការពង្រឹងស្ថានភាពសាច់ប្រាក់ងាយស្រួល ក្នុងវិស័យធនាគារឲ្យបានរឹងមាំនោះលោក Markus. Rodlauer បានសន្យាថា នឹងខិតខំអស់ពីសមត្ថភាពជួយដល់ការងានេះ៕
http://image.freshnewsasia.com/2016/019/05/fn-2016-07-14-14-47-50-0.JPG http://image.freshnewsasia.com/2016/019/05/fn-2016-07-14-14-47-50-1.JPG http://image.freshnewsasia.com/2016/019/05/fn-2016-07-14-14-47-50-2.JPG