​​(ភ្នំពេញ)៖ រោងចក្រផលិតទឹកស្អាតភូមិព្រែក ដែលបច្ចុប្បន្នមានសមត្ថភាពផលិតទឹកស្អាតចំនួន ១៥០ពាន់ម៉ែត្រគូបក្នុង​មួយថ្ងៃ នឹងត្រូវពង្រីកការផលិតបន្ថែមទៀត ពោលគឺចាប់ពីឆ្នាំ២០២៧ទៅរោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។

​​ក្នុងពិធីចុះហត្ថាលេខាលើកិច្ចសន្យាទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ភូមិព្រែក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣​ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា គម្រោងពង្រីកផលិតកម្មទឹកស្អាតភូមិព្រែកនេះ នឹងចាប់ផ្តើមការងារសាងសង់ ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៤ ដោយប្រើរយៈពេលសាងសង់ចំនួន៣៩ខែ​ ​​ខណៈ​ទីប្រឹក្សាបច្ចេកទេសនឹងចាប់ផ្តើមរៀបចំឯកសារវាយតម្លៃ ទៅលើអ្នកម៉ៅការសាងសង់ និងធ្វើការដេញថ្លៃនៅ​ខែមករា ឆ្នាំ២០២៤​។

លោកបានគូសបញ្ជាក់ថា គម្រោងពង្រីកផលិតកម្មទឹកស្អាត របស់រោងចក្រផលិតទឹកស្អាតភូមិព្រែកនេះ  គឺដើម្បីឆ្លើយនឹងកំណើនប្រជាជន នៅរាជធានីភ្នំពេញ ដែលកើនឡើងពីមួយថ្ងៃទៅមួយឆ្នាំ។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកតាមគម្រោងមេដំណាក់កាលទី៣នេះ ដូចដែលយើងបានដឹងទាំងអស់គ្នាហើយ​ ការសាងសង់រោងចក្រ គឺសម្របសម្រួលទៅនឹងតម្រូវការទឹក ផ្អែកទៅលើការវិវត្តនៃទីក្រុងភ្នំពេញ និងកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ​ ហេតុនេះការសិក្សាទៅលើការពង្រីកសមត្ថភាពនៃប្រព័ន្ធប្រព្រឹត្តកម្មនេះ គឺសំដៅទៅលើការរីកចម្រើននៃ​សេដ្ឋកិច្ចកំណើននៃអតិថិជននៅទីក្រុងភ្នំពេញ ផ្អែកតាមឆ្នាំនីមួយៗ ហើយបើតាមការសិក្សាគម្រោងដំណាក់កាលទី៣នេះ​ គឺដាច់ខាត ដើម្បីធានានូវការបម្រើទឹកស្អាតដល់អតិថិជន ​ពោលរោងចក្រភូមិព្រែកនេះ ត្រូវតែចប់សព្វគ្រប់នៅឆ្នាំ២០២៧ ដើម្បីដល់កំណើនរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ»។

បើតាម​អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គម្រោងពង្រីកផលិតកម្មរោងចក្រភូមិព្រែកនេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣៣លានដុល្លារអាមេរិក​ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕