(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការតាំងចិត្តការពារបរិស្ថាន និងធន​ធានធម្មជាតិយ៉ាងម៉ត់ចត់ ហើយប្រកាន់ជំហរច្បាស់លាស់ ដោយមិនបណ្ដោយឱ្យ​កម្ពុជាក្លាយជាទីតាំងចាក់សំរាមរបស់ប្រទេសណាមួយនោះឡើយ។

ជំហរនេះត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ បានពិនិត្យ និងអនុម័តលើ «សេចក្តី​ព្រាង​ក្រមបរិស្ថាន និងធនធានធម្មជាតិ» ផងដែរ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ ក្នុងកិច្ចប្រជុំ បានពិភាក្សាផ្តោតជាសំខាន់ទៅលើបរិស្ថាន និងធនធានធម្មជាតិ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាល គឺយ​ក​​ចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថាន និងធនធានធម្មជាតិ និងប្រកាន់​ជំហរ​ច្បាស់លាស់ ដោយមិនបណ្ដោយឱ្យប្រទេសកម្ពុជា​ក្លាយជាទីតាំងចាក់សំរាម​របស់​ប្រទេសណាមួយឡើយ៕