(ព្រះសីហនុ)៖ នៅខេត្តព្រះសីហនុមានកោះទាំងតូចទាំងធំសរុបប្រមាណ៣០កោះ ក្នុងនោះមានកោះជាង២០ហើយ ដែលត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យក្រុមហ៊ុនវិនិយោគអភិវឌ្ឍទៅជាផលិតផលទេសចរណ៍។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយក្លិបអ្នកាសែតកម្ពុជា ដែលធ្វើឡើងនៅលើកោះក្របី ខេត្តព្រះសីហនុ នាសប្ដាហ៍នេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅខេត្តព្រះសីហនុមានកោះតូចធំសរុបចំនួន៣០កោះ ក្នុងនោះជាង២០កោះត្រូវបានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC) អនុញ្ញាតឱ្យមានការវិនិយោគ ដូចជា កោះរ៉ុង កោះរ៉ុងសន្លឹម កោះក្របី កោះសង្សារ កោះស្រមោច កោះឫស្សី កោះពស់ជាដើម ដែលមានក្រុមហ៊ុនវិនិយោគពី២៤-២៨ក្រុមហ៊ុន។

លោកអភិបាលខេត្តបានបន្តថា កោះមួយចំនួនមានទំហំធំ ដូច្នេះមានការវិនិយោគគឺមានក្រុមហ៊ុនលើសពីមួយ ខណៈកោះមួយចំនួនទៀតតូចៗគឺមានតែក្រុមហ៊ុនវិនិយោគមួយៗនោះទេ។

លោកសង្កត់ធ្ងន់ថា ការវិនិយោគបង្កើតផលិតផលទេសចរណ៍នៅតាមកោះទាំងនោះ ថ្វីដ្បិតសេវាកម្មមានតម្លៃក៏ពិតមែន តែក៏បានផ្ដល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ ពីព្រោះការបម្រើសេវាកម្មទេសចរណ៍ទាំងនោះ គឺបានផ្សព្វផ្សាយទៅក្រៅប្រទេស និងទាក់ទាញអ្នកទេសចរលំដាប់ប្រណីតៗចូលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា និយាយជារួម និងខេត្តព្រះសីហនុ និយាយដោយឡែក។

លោកថ្លែងយ៉ាងដូច្នេះថា «វត្ថុធាតុដើម សម្ភារប្រើប្រាស់ ក៏ដូចជាការវិនិយោគគឺមានតម្លៃថ្លៃ រាប់លានដុល្លារ ដូច្នេះសេវាកម្មនៅលើកោះ ចង់មិនចង់គឺមានតម្លៃថ្លៃខ្លះដែរ ម្យ៉ាងទីកន្លែងខ្លះក៏សុទ្ធតែលំដាប់ប្រណីតផងដែរ ដូចជាកោះសង្សារ កោះក្របីជាដើម»។

លោក គួច ចំរើន បានបន្តទៀតថា បន្ទាប់ពីអាក់ខានខ្លះដោយសារវិបត្តិជំងឺកូវីដ១៩កន្លងទៅ បច្ចុប្បន្ននេះគឺមានការចាប់ផ្ដើមដំណើរការអភិវឌ្ឍឡើងវិញបណ្ដើរៗហើយដែរ។

លោកអភិបាលខេត្តបានអះអាងថា ការវិនិយោគអភិវឌ្ឍនៅលើកោះទាំងនោះគឺធានាបាននូវចីរភាព មិនប៉ះពាល់ធ្ងន់ធ្ងរលើធនធានធម្មជាតិ ជីវចម្រុះ ក៏ដូចជាមានការគិតគូរពីបរិស្ថាន ដែលជាការកំណត់តឹងរឹងរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុ៕