(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបើកប្រាក់ឧបត្ថម្ភជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណាម្តងទៀតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តក្រុមប្រឹក្សាជាតិគាំពារសង្គម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

ក្នុងពិធីសំណេះសំណាលដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៣០០នាក់ លោក រស់ សីលវ៉ា បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបានស្វែងរក នឹងរក្សាសុខសន្តិភាពជូនពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានគិតគូរពីសុខទុក្ខពលរដ្ឋគ្រប់រូបដោយមិនបោះបង់នរណាម្នាក់ចោលឡើយ។ ជាក់ស្តែង ដូចជាក្នុងអំឡុងពេលមានជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែនជាអគ្គមគ្គុទេសឯក មិនត្រឹមតែបានគិតគូរ ក្នុងការទប់ស្តាត់មិនឱ្យមានការឆ្លងរីករាលដាលខ្លាំងប៉ុណ្ណោះទេ ថែមទាំងបានដាក់ឱ្យដំណើរការនូវរបប និងកម្មវិធីជាច្រើនសម្រាប់ការពារប្រជាពលរដ្ ឋកុំឱ្យធ្លាក់ចូលក្នុងហានិភ័យណាដែលកម្ពុជា ក៏ដូចជាពិភពលោកតែងតែជួបប្រទះ ដោយបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំណាយថវិការដ្ឋអស់ប្រមាណជិត ១ពាន់លានដុល្លារគិតមកត្រឹមបច្ចុប្បន្ននេះ។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តបើកផ្តល់សាច់ប្រាក់ដល់ប្រជាពលរដ្ឋពីកម្មវិធីមួយទៀត ដល់គ្រួសារងាយរងហានិភ័យ ក្នុងពេលមានសម្ពាធអតិផរណាប្រមាណជាង៥០ម៉ឺនគ្រួសារបន្ថែមទៀត ដែលនឹងអាវជួយសម្រួលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ និងកសាងភាពធ្ងន់សង្គមកាន់តែរឹងមាំបានមួយកម្រិតទៀត។

លោកបានអញ្ជើញប្រជាពលរដ្ឋ ដែលជាគ្រួសារងាយរងហានិភ័យបានកំណត់អត្តសញ្ញាណរួចរាល់ដោយអាជ្ញាធរ និងក្រសួងផែនការ ទៅបើកប្រាក់ជាថ្មីម្តងទៀតពីរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា បន្ទាប់ពីលើកទី១បានបើកផ្តល់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ និងលើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនិង លើកទី៣ នៅថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះ៕