(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេក្ដីជូនដំណឹងពីការបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរកតតេជោ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ដើម្បីឲ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា
ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។
ចំពោះតម្រាយផ្លូវ និងមហាវិថីដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ផ្លូវជាតិលេខ៦ (ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ) កំណាត់មហាវិថីឈ្នះ ឈ្នះ (ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) និងកំណាត់មហាវិថីមិត្តភាពភ្នំពេញហាណូយ (ចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្សី) មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធុនធ្ងន់
រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រធ្វើចរាចរ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖