(ភ្នំពេញ)៖ ជុំវិញការជេរប្រមាថចំពោះកីឡាករ បួ ខាវ ដែលតំណាងឱ្យប្រទេសថៃ មកចូលរួមព្រឹត្តិតការណ៍ស៉ីហ្គេមនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើយ៉ាងទទួចចំពោះប្រជាជនកម្ពុជា សូមកុំមានការប្រមាថមាក់ងាយចំពោះកីឡាករ បួ ខាវ ឬកីឡាករបរទេសផ្សេងទៀតឱ្យសោះ ទោះបីពេញចិត្ត ឬមិនពេញចិត្តយ៉ាងក៏ដោយ នេះក៏ដើម្បីរក្សភាពថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ និងក្នុងនាមជាប្រជាជាតិកម្ពុជា។
ការស្នើយ៉ាងដូច្នេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺដោយសារមានទំព័រ Facebook មួយបានសរសេរពាក្យមិនសមរម្យចំពោះវត្តមានចូលរួម ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ នៅប្រទេសកម្ពុជា របស់កីឡាករប្រដាល់ បួ ខាវ ដែលមកចូលរួមក្នុងនាមតំណាងប្រទេសថៃ។
នៅក្នុងសំណេរលើទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កូនប្រុស ភាសាប្រមាថចំពោះភ្ញៀវមកប្រទេស យើងមិនគួរកើតមានសម្រាប់កូនខ្មែរយើងទេ។ បើទោះកីឡាករ ប៊ួ ខាវ មិនមក ឬមក យើងមិនត្រូវបង្កើតនូវការរើសអើង ឬស្អប់ខ្ពើមចំពោះគាត់ទេ ទោះជាគាត់ធ្វើអ្វីមិនសមរម្យចំពោះយើងក៏ដោយ។ កូនត្រូវមើលឱ្យឆ្ងាយជាង ប៊ួ ខាវ ព្រោះគាត់មកប្រទេសយើង តំណាងឲ្យប្រជាជនថៃជាង៦០លាននាក់ ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេស ដែលចាំបាច់ត្រូវមានមិត្តភាព និងសាមគ្គីភាពជាមួយគ្នា»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើកុំប្រព្រឹត្តបែបនេះ ព្រោះដើម្បីកុំឱ្យបញ្ហាបុគ្គលក្លាយជាបញ្ហារបស់ជាតិនិងជាតិ ប្រទេសនិងប្រទេសរវាងកម្ពុជា និងប្រទេសដទៃ។ ការពន្យល់ណែនាំរបស់សម្ដេចតេជោ ក៏ដើម្បីរក្សភាពថ្លៃថ្នូរក្នុងភាពជាម្ចាស់ផ្ទះ និងក្នុងនាមជាប្រជាជាតិកម្ពុជាផងដែរ។
សម្ដេចបញ្ជាក់បន្ថែមថា «សូមកុំឲ្យកីឡាក្លាយជារឿងនយោបាយ និងសូមកុំឲ្យរឿងបុគ្គលក្លាយជាជម្លោះរវាងជាតិនិងជាតិ ប្រទេសនិងប្រទេស។ សូមរក្សាភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះ និងសូមប្រើប្រាស់ឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលមកកាន់ប្រទេសយើង ដើម្បីចូលរួមប្រកួត ឬទស្សនាកីឡាអាស៉ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»៕