(សៀមរាប)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យអនុវត្តគម្រោងតភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ដោយមានការចូលរួមពីលោក យ៉ុង ថេគីម (Young Tae Kim) អគ្គលេខាធិការនៃវេទិកាដឹកជញ្ជូនអន្តរជាតិ និងបណ្ដាភាគី ព្រមទាំងតំណាងប្រទេសពាក់ព័ន្ធ។

លោក យ៉ុង ថេគីម បានឱ្យដឹងថា វេទិកាដឹកជញ្ជូនអន្តរជាតិ គឺជាវេទិកាមួយដែលមានសមាជិកសរុបពី៦៤ប្រទេស ក្នុងនោះមាន៤៤ប្រទេសនៅអឺរ៉ុប ចំពោះនៅតំបន់អាស៊ីអាគ្នេយ៍វិញ គឺមានតែ៨ប្រទេសប៉ុណ្ណោះ ដែលកម្ពុជាបានចូលជាសមាជិកកាលពីឆ្នាំ២០២២។

លោកបានបន្តថា ក្នុងមួយឆ្នាំៗ មានរបាយការណ៍ប្រមាណ៣០-៦០ច្បាប់ ដែលបានខិតខំផ្ដល់ជូនប្រទេសជាសមាជិកនូវរាល់ព័ត៌មានបច្ចុប្បន្នភាព និងប្រកបដោយតឹងតាងនៃសក្ខីកម្ម ជាចំណេះដឹងគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវបំផុត ដែលអ្នកធ្វើការសម្រេចចិត្តក្នុងការរៀបចំគោលនយោបាយ អាចធ្វើការបញ្ចុះបញ្ចូលនិងយកទៅពីចារណា សម្រាប់ការរៀបចំគោលនយោបាយក្នុងការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន។

លោកបានគូសបញ្ជាក់ថា អ្វីដែលសំខាន់ផងដែរនោះ គឺយើងបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីជាឱកាសសម្រាប់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ដែលមានប្រមាណពី៤៥-៤៥រូប/ក្រសួង មកពីប្រទេសនានាជុំវិញពិភពលោកចូលរួមកិច្ចប្រជុំនេះ។ ជាក់ស្ដែង នៅថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៣ យើងនឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំឡើង ដែលនឹងនាំមកនូវអត្ថប្រយោជន៍ខ្ពស់សម្រាប់ការអភិវឌ្ឍ និងរៀបចំគោលនយោបាយប្រកបដោយចីរភាព។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា វេទិកាដឹកជញ្ជូនអន្តរជាតិនេះជាវេទិកាមួយ ហើយកម្ពុជាគឺជាប្រទេសទីមួយនៅក្នុងប្រទេសសមាជិកអាស៊ាន ដែលបានចូលជាសមាជិកពេញសិទ្ធិនៅឆ្នាំ២០២២។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា វេទិកានេះគឺមានការពិភាក្សាគ្នាអំពីគម្លាតនៃការដឹកជញ្ជូនរវាងបណ្ដាប្រទេសនៅអឺរ៉ុប និងនៅអាស៊ី ធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនទំនិញប្រព្រឹត្តទៅឲ្យបានល្អប្រសើរ ដើម្បីកាត់បន្ថយតម្លៃការដឹកជញ្ជូន ដើម្បីជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់់បានតម្លៃថោកជាងបច្ចុប្បន្ន។ មួយទៀត គឺដើម្បីរៀបចំការដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយរាល់ការបំពុលបរិស្ថាន។

លោកទេសរដ្ឋមន្ត្រីបានបន្តថា កិច្ចប្រជុំនេះគឺដើម្បីពិភាក្សាគ្នាទាំងអស់ ដោយយកបទពិសោធន៍ដែលមាននៅទូទាំងពិភពលោកមកពិភាក្សាគ្នា ហើយរៀបចំកម្មវិធីដើម្បីកែសម្រួលការដឹកជញ្ជូន យុទ្ធសាស្ត្រនៃការដឹកជញ្ជូនទំនិញ ដើម្បីឲ្យបានល្អប្រសើរ និងការទំនាក់ទំនងពីប្រទេសមួយទៅប្រទេសមួយទៀត ដូចជាពីបណ្ដាប្រទេសពីអាស៊ានទៅអឺរ៉ុប ទាំងផ្លូវគោក ផ្លូវសមុទ្រជាដើម ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់៕