(សៀមរាប)៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ កំពុងអនុវត្តកម្មវិធីសិក្សាជំនាញឧស្សាហកម្ម៤.០ បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ដែលពិសេសបំផុតសម្រាប់អ្នកសិក្សាជាតិនិងអន្តរជាតិ ក្រោមកិច្ចសហការរវាងដៃគូអនុវត្តគម្រោងចំនួន១៥ក្រុម ដូចជាមាននៅប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ក្រិក អ៉ីតាលី និងអាល្លឺម៉ង់។

ដើម្បីធ្វើបច្ចុប្បន្នភាពគម្រោងដែលបានអនុវត្តកន្លងមក និងរៀបចំផែនការអនុវត្តជាបន្តទៅតាមផែនការគម្រោងនេះ សាកវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោងកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញឧស្សាហកម្ម៤.០ (Ind4.0) ក្រោមអធិបតីភាពលោក និត ប៊ុនឡៃ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

លោក និត ប៊ុនឡៃ បានបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននិងកំពុងអនុវត្តគម្រោងឈ្មោះថា «កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ជំនាញឧស្សាហកម្ម ៤.០ ហៅកាត់ Ind4.0» ដែលមានរយៈពេល៣ឆ្នាំ (២០២១-២០២៤) ដែលទទួលបានថវិកាពីមូលនិធិសហភាពអឺរ៉ុប (Erasmus+ CBHE) ដែលសាកលវិទ្យល័យ UiTM នៅប្រទេសម៉ាឡេស៊ីជាស្ថាប័នសម្របសម្រួលគម្រោង។

លោកបានបន្តថា គម្រោងនេះមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងដៃគូអនុវត្តគម្រោងចំនួន១៥ក្រុម ដោយនៅអាស៊ានមានចំនួន៣ប្រទេស គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី និងនៅសហគមន៍អឺរ៉ុបមានចំនួន៣ប្រទេស គឺក្រិក អ៉ីតាលី និងអាល្លឺម៉ង់។

គោលបំណងសំខាន់នៃគម្រោងនេះ គឺដើម្បី៖ ១-បង្កើតកម្មវិធីសិក្សាឯកទេសថ្មី និងការច្នៃប្រឌិតកម្មវិធីថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រលើឧស្សាហកម្ម ៤.០ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងប្រទេសដៃគូ, ២-បង្កើតភាពស្និទ្ធស្នាល និងទំនាក់ទំនងជាមួយឧស្សាហកម្មក្នុងតំបន់ក្នុងការផលិត (វិស័យកសិកម្ម/ វារីវប្បកម្ម និងសុខភាព) ដោះស្រាយតម្រូវការរបស់ពួកគេនៅក្នុងឧស្សាហកម្ម ៤.០, ៣-ពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសដៃគូ គ្រឹះស្ថានឧត្តមសិក្សា ដោយបង្កើតមន្ទីរពិសោធន៍ឧស្សាហកម្ម ៤.០, ៤-ពង្រឹងសមត្ថភាពរបស់គ្រឹះស្ថានអប់រំឧត្តមសិក្សា ដោយការបណ្តុះបណ្តាលបុគ្គលិកសិក្សារបស់ពួកគេនៅក្នុង វគ្គសិក្សាថ្មី និងវិធីសាស្រ្តចែកចាយសមស្រប និង៥-ជំរុញទំនាក់ទំនងមនុស្សកាន់តែច្រើនតាមរយៈការផ្លាស់ប្តូរនិស្សិត និងបុគ្គលិក ដែលអាចអនុញ្ញាតបានតាមរយៈបណ្តាញសកលតំបន់ និងសមាគមនៃគ្រឹះស្ថានឧត្តមសិក្សានៅអាស៊ាន និងសហគមន៍អឺរ៉ុប៕