(ព្រះវិហារ)៖ បើទោះបីជាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានកន្លងផុតទៅជាច្រើនថ្ងៃក៏ដោយ ប៉ុន្តែបានបន្សល់ទុកនូវភាពសប្បាយរីករាយ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន សម្រាប់ប្រជាពលរដ្ឋ ពិសេសក្រុមយុវជនខ្មែរគ្រប់ៗរូបទាំងក្នុង និងក្រៅប្រទេស ដែលនេះមកពីកត្តាសុខសន្តិភាពដែលមានពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រី ពេញ ចន្ធូ រស់នៅភូមិសំឡាញ ឃុំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាយុវជនស្ម័គ្រចិត្តភូមិមួយរូប បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំថោះ ដែលកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ពិតជាសប្បាយរីករាយមិនអាចបំភ្លេចសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
សម្រាប់វត្តទក្សិណគីរី ហៅវត្តសំឡាញ ដែលស្ថិតក្នុងភូមិរបស់លោកស្រីរស់នៅ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី រហូត៧យប់៧ថ្ងៃ រៀបចំដឹកនាំកម្មវិធីដោយក្រុមយុវជន ដោយបានការអនុញ្ញាតិពីលោកគ្រូចៅអធិការ និងគណៈកម្មាការវត្ត ក៏បានផ្តល់ការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក៏ដូចជាសន្តិសុខល្អប្រសើរផងដែរ។
លោកស្រី ពេញ ចន្ធូ បានបន្ដទៀតថា អ្វីដែលពុំធ្លាប់មានពីមុនមក គឺកម្លាំងមហាសាមគ្គីមួយបានកើតឡើងចេញពីទឹកចិត្តប្រជាពលរដ្ឋ ដោយបានរ៉ៃអង្គាសគ្នាទិញធុងបាស់បានមួយ ក្នុងតម្លៃ១២លានរៀល ទុកជាសម្បត្តិរួមក្នុង ភូមិ ឃុំរបស់យើង។ លោកស្រីថាធុងបាស់នេះ បានបម្រើឲ្យការសប្បាយរីករាយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៧យប់ ៧ថ្ងៃ ដោយមិនបានចំណាយប្រាក់ជួលធុងបាស់គេមកពីខាងក្រៅដូចរាល់ឆ្នាំ។
លើសពីនេះទៅទៀត លោកស្រី ពេញ ចន្ធូ ថា ធុងបាស់នេះក៏សម្រាប់ជួលត្រឡប់ទៅវិញ សម្រាប់ប្រជាពលរដ្ឋដែលរៀបចំកម្មវិធីផ្សេងៗ ក្នុងតម្លៃធូថ្លៃ ហើយប្រាក់ចំណូលដែលបានមកពីការជួលធុងបាស់ គឺសន្សំទុកសម្រាប់ផ្គត់ផ្គង់ និងជួយប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំង ក៏ដូចជាទុកសម្រាប់អភិវឌ្ឍន៍ វត្ត សាលារៀន ក្នុងភូមិ ឃុំផងដែរ។
ក្នុងនាមយុវជន ក៏ដូចជាប្រជាពលរដ្ឋឃុំត្បែងមួយ ស្រុកសង្គមថ្មី លោកស្រី ពេញ ចន្ធូ ប្តេជ្ញាចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យពិធីបុណ្យចុលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំក្រោយៗទៀត កាន់តែសប្បាយរីករាយ ពិសេសប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគត៕