(កំពង់ឆ្នាំង)៖ បទល្មើសនេសាទនៅក្នុងដែនទឹកសាប នៃខេត្តកំពង់ឆ្នាំង គេនៅតែសង្កេតឃើញវត្តមានរបាំងសាច់អួន ឬឈិបយន្ត ជាច្រើនកន្លែង ហើយការបង្ក្រាបមានតិចតួចប៉ុណ្ណោះ ពីសំណាក់មន្រ្តីរដ្ឋបាលជលផល។ ជាក់ស្តែងកាលពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០១៦ ក្រុមអ្នកយកព័ត៌មាន បានធ្វើដំណើរចុះទៅតាមដងទន្លេសាប ហើយបានជួបប្រទះរបាំងសាច់អួន និងរបាំងស្បៃមុងរាប់សិប កន្លែងដូចជា នៅតំបន់ទំនប់ធំ ជាពិសេសតំបន់អភិរក្ស ស្ថិតក្នុងភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលគេស្គាល់ម្ចាស់របាំង ទី១-ឈ្មោះ ឈៀង ទី២-ឈ្មោះ ហៀង ធី រស់នៅភូមិជើងគ្រួស ទី៣-ឈ្មោះ សឿន ណាង ទី៤-ឈ្មោះ ឈៀង រស់នៅភូមិច្រណូក ទី៥-ឈ្មោះ ឈារ រស់នៅភូមិថ្នល់ ឃុំដារ និងមានម្ចាស់របាំងជាច្រើនទៀត ដែលក្រុមអ្នកយកព័ត៌មាន មិនទាន់បានស្គាល់ឈ្មោះអស់។
ដោយឡែករបាំងសាច់រ៉ាវ(ឈិបយន្ត) របាំងស្បៃមុង(ច្បរ) ដាក់ស្ទាក់ចាប់ត្រីនៅចំណុចតាអួចាំអក ស្ថិតក្នុងភូមិរវៀង ឃុំស្វាយរំពារ ស្រុកកំពង់លែង របាំងទាំងនេះមានរាប់សិបកន្លែង ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍ប្រជានេសាទលក្ខណៈគ្រួសារនៅតំបន់នោះ អះអាងថា ពួកគេប្រើឧបករណ៍នេសាទល្មើសច្បាប់ ដែលមានប្រវែងចាប់ពី៥០០ម៉ែត្រឡើងទៅ ក្នុងរដូវបិទនេសាទនេះ បានយ៉ាងរលូន ដោយសារតែមានការបើកភ្លើងខៀវពីសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ។
ពួកគាត់បន្ដថា បទល្មើសនេសាទរបៀបដូចៗគ្នាខាងលើនេះ នៅមានចំនួនរាប់រយកន្លែងទៀត ក្នុងដែនទឹកសាប នៃទឹកដីខេត្តកំពង់ឆ្នាំង ដូចជាស្រុកជលគិរី ស្រុកកំពង់លែង និងស្រុកបរិបូណ៌ជាដើម។ ពាក់ព័ន្ធព័ត៌មានខាងលើនេះ មន្ត្រីរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បាន អះអាងថា សមត្ថកិច្ចរដ្ឋបាលជលផល បើកយុទ្ធនាការចុះបង្ក្រាបនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ រហូតដល់ម៉ោង១២៖៣០ នាទីថ្ងៃទី១៤ ដដែលនេះ ប៉ុន្ដែប្រជានេសាទដែលបានឃើញសកម្មភាព បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ រដ្ឋបាលជលផល ខេត្ត កំពង់ឆ្នាំង ចុះទៅព្រឹកមិញនេះ មិនបានធ្វើការបង្ក្រាបអ្វីជាធំដំឡើយ គឺគ្រាន់តែនាំគ្នាកាត់ក្បាលរបាំងហើយ ថតរូបភាពអោយល្អមើល ប៉ុណ្ណោះ រួចនាំគ្នាជិះការណូតចេញទៅបាត់ កត្តាទាំងនេះត្រូវបានពួកគាត់រិះគន់ថា កម្លាំងរដ្ឋបាលជលផល ចុះទៅដូចធ្វើដំណើរ ទេសចរណ៍ ហើយថតរូបភាព មកផុសថាបង្ក្រាបដូចជាភ្លៀងរលឹម តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា លោករដ្ឋមន្ត្រី វេង សុខុន រដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញសារាចរណ៍ណែនាំចុះចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ថ្មីៗនេះថា ការចេញប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាបបទល្មើសជលផល ហើយបានជួបប្រទះជនល្មើសប្រើប្រាស់ ឧបករណ៍និងវត្ថុតាងបទល្មើស ហើយម្ចាស់បានរត់គេចខ្លួនបាត់នោះ មន្ត្រីនគរបាលយុត្តិធម៌រដ្ឋបាលជលផល ត្រូវចាត់វិធានការណ៍ ប្រសិនបើករណីជួបប្រទះការផលិត ការទិញ ការលក់ ការដឹកជញ្ជូនផលិតផលជលផល ការថែរក្សាឧបករណ៍នេសាទអួនអូសទឹកសាប និងឈិបយន្ត មន្ត្រីនគរបាលយុត្តិធម៌ជលផល និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការណ៍អនុវត្ត រៀបចំសំណុំរឿងតាមនីតិវិធី ដូចមានចែងក្នុងប្រកាសរួមលេខ១១៥ កយ.កសក.ប្រក/១១ និងលេខ៥៧០ កសក.ប្រក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីទម្រង់ បែបបទនៃកំណត់ហេតុបទល្មើសជលផល របស់ក្រសួងយុត្តិធម៌ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាបន្ទាន់ដោយចោទប្រកាន់ បទល្មើស ទៅតាមមាត្រា២០ និងផ្តន្ទាទោសតាមមាត្រា៩៨ នៃច្បាប់ស្តីពីជលផល។
បន្ថែមពីនេះ ក្នុងករណីជនណាដែលគេចខ្លួន ត្រូវស្រាវជ្រាវរកអត្តសញ្ញាណជនល្មើស ហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ មានសមត្ថកិច្ច ដូចករណីមានវត្តមានជនល្មើសនៅហ្នឹងកន្លែង ដែរបទល្មើសជលផលកើតឡើង ការស្រាវជ្រាវមិនត្រូវលើសពីរយៈពេល ៧ថ្ងៃឡើយ។ ដោយឡែកវិធានការណ៍បង្ក្រាបបទល្មើសដំណាក់កាលប្រព្រឹត្ត មន្ត្រីនគរបាលយុត្តិធម៌ជលផលគ្រប់លំដាប់ថ្នាក់ក្នុងពេល ចេញប្រតិបត្តិការ ហើយបានជួបប្រទះជនល្មើស និងវត្ថុតាងបទល្មើសជលផល ដែលកំពុងធ្វើសកម្មភាព ឬក៏ជនល្មើសរត់គេចខ្លួនបាត់ ត្រូវធ្វើកំណត់ហេតុស្រាវជ្រាវសាវតាជាតិជនល្មើស រួចកសាងសំណុំរឿងបទល្មើសជលផល ហើយបញ្ជូនទៅតុលាការមានសមត្ថកិច្ច ដោយចោទប្រកាន់ល្មើសនិងមាត្រា២០ ដែលត្រូវផ្តន្ទាទោសតាមមាត្រា៩៩នៃច្បាប់ស្តីពីជលផល៕